Connect with us

កម្ពុជា កំពុងងាកមកសិក្សាពីការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដោយសារតែកម្ពុជា មានសក្តានុពលខ្ពស់

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម កំពុងរៀបចំពិគ្រោះយោបល់ លើការតាក់តែងគោលនយោបាយជំរុញការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ខណៈដែលប្រទេសកម្ពុជា កំពុងតែត្រូវការអភិវឌ្ឍន៍វិស័យថាមពលដើម្បីបំពេញការខ្វះខាតក្នុងការប្រើប្រាស់ ក៏ដូចជា ផ្គត់ផ្គង់ដល់តម្រូវការដែលមាននិន្នាការរីកចម្រើនជារៀងរាល់ឆ្នាំ។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានអះអាងថា ឧស្សាហកម្មជាផ្នែកមួយដែលប្រើប្រាស់ថាមពលច្រើនជាងគេ ហើយឧស្សាហកម្មស្ថិតនៅក្រោមក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដែលទាមទារឲ្យមានការសិក្សា និង ពិភាក្សាដើម្បីរកលទ្ធភាព បង្កើនការវិនិយោគ លើថាមពលកកើតឡើងវិញ ដើម្បីធានាដល់និរន្តរភាពនៃការផ្គត់ផ្គង់និងការប្រើប្រាស់។

លោក សុខ ណារិន តំណាងអង្គការយូនីដូប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាមាន អំនោយផលយ៉ាងខ្លាំងផ្នែកថាមពលកកើតឡើងវិញរួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និង ជាពិសេសំណល់កសិកម្មជីវម៉ាស។ ក៏ប៉ុន្តែសក្តានុពលនេះនៅមិនទាន់បានទាញយកអស់លទ្ឋភាពនៅឡើយដោយសារកត្តាប្រឈមមួយចំនួនរួមមាន៖ កង្វះខាតសមត្ថភាព បច្ចេកទេស និង ធនធានមនុស្ស គោលនយោបាយគាំទ្រ និង ការវិនិយោគក្នុងការវាយតម្លៃដើម្បីបង្កើតគម្រោងថាមពលកកើតឡើងវិញ ដែលអាចទាក់ទាញការវិនិយោគទុន។

តាមរយ:កិច្ចសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម អង្គការយូនីដូបាននឹងកំពុងអនុវត្តគម្រោងការផ្ទេរបច្ចេកវិទ្យាកាត់បន្ថយបំរែបំរួលអាកាសធាតុសម្រាប់កម្ពុជា៖ ការប្រើប្រាស់សំណល់ជីវម៉ាស់កសិកម្មសម្រាប់ដំណោះស្រាយថាមពលប្រកបដោយចីរភាព ដែលហៅកាត់ថាគម្រោងផ្ទេរបច្ចេកវិទ្យា។ គម្រោងនេះនឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែកិច្ចពិភាក្សាពីគោលនយោបាយនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត។

លោកនិច បេរេហ្វត នាយកប្រចាំប្រទេស នៃអង្គការយូអិនឌីភី មានប្រសាសន៍ថា ប្រទេសកម្ពុជាគួរចាប់យកនវានុវត្តន៏ដោយរៀនពីបទពីសោធន៏ប្រទេសដទៃសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ព្រមទាំងគោលនយោបាយនិងបទបញ្ញតិ្តដែលគាំទ្រវិស័យនេះ។ ជាមួយនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៃថាមពលកកើតឡើងវិញនៅពេលខាងមុខ វាជាឳកាសដ័ល្អសម្រាប់កម្ពុជាក្នុងការឈានទៅរកសន្តិសុខថាមពល និងគោលដៅទទួលបានថាមពលស្អាតនិងមានតម្លៃសមរម្យ ដល់ប្រជាជនកម្ពុជា និងការអភិវឌ្ឍវិស័យឧស្សាហកម្ម។

បច្ចុប្បន្នកម្ពុជាពឹងផ្អែកលើថាមពល ៣៥,១% បានពីធ្យូងថ្ម ៤០,៣៩% ពីទំនប់វារីអគ្គិសនី៤,៧៨% ប្រេងឥន្ធនៈ កកើតឡើងវិញ ០,៦១% នាំចូលពីប្រទេសជិតខាង ១៨,៥៦% (ក្នុងនោះ ពីថៃ ៣,៣៨% និង ១៤,៤៨% ពីវៀតណាម និង ឡាវ។ នេះបើយោងតាមរបាយការណ៍ប្រើប្រាស់ថាមពលឆ្នាំ២០១៧ របស់អគ្គិសនីកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម