អ្នកទេសចរ បានសម្រុកទៅទិញទំនិញតាមហាងលក់ផលិតផលថ្លៃៗនៅតួគី ដោយសារប្រាក់លីរ៉ាចុះថោក
ដោយសារប្រាក់ លីរ៉ា របស់ប្រទេសតួគី កំពុងចុះថោក អ្នកទេសចរកំពុងសម្រុកនាំគ្នាទៅទិញទំនិញតាមហាងលក់ផលិតផលប្រណិតៗក្នុងប្រទេសតួគី ដើម្បីឆ្លៀតឱកាសទាន់ពេលទំនិញប្រណិតទាំងនេះចុះថោក។
ភ្លាមៗក្រោយពីមានដំណឹងថាប្រាក់លីរ៉ាចុះថោក ក៏មានគេបង្ហោះរូបថតបង្ហាញពីហ្វូងមនុស្សឈរតម្រង់ជួរគ្នានៅតាមហាងលក់ទំនិញប្រណិតៗ ក្នុងប្រទេសតួគី។ ការចុះថោកនៃប្រាក់ លីរ៉ា របស់តួគី បានធ្វើឱ្យទំនិញប្រណិតៗនៅទីនេះ ក្លាយជាទំនិញដែលធូរថ្លៃបំផុតក្នុងពិភពលោក ដោយសារតែម៉ាកយីហោមួយចំនួនមិនបានកែប្រែតម្លៃទំនិញរបស់ខ្លួនឱ្យទាន់ពេលវេលា។ គេព្យាករណ៍ថាតម្លៃទំនិញប្រណិតនៅទីនេះ បានចុះថោកជាងមុនប្រហែល២៥ភាគរយ ក្រោយពីប្រាក់លីរ៉ាចុះថោក។
អ្នកនាង ហាន លីជា ប្រធានផ្នែកអាជីវកម្ម ក្រុមហ៊ុនCtrip ប្រចាំតំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក “អតិថិជននិងមគ្គុទេសទេសចររបស់ពួកយើងមួយចំនួននៅទីក្រុងអ៊ីស្តង់ប៊ុល ចង់ទិញទំនិញប្រ ណិតៗណាស់ ប៉ុន្តែគេត្រូវតម្រង់ជួរយូរណាស់។ យើងនឹងកែប្រែកាលវិភាគទេសចរមកកាន់តួគីរបស់យើងឡើងវិញ ដើម្បីបន្ថែមពេលវេលាឈប់សម្រាកឱ្យបានកាន់តែច្រើននៅតាមផ្សារទំនើប បើសិនជាអតិថិជនភាគច្រើនត្រូវការ។”
ឆ្លើយតបនឹងកំណើនតម្រូវការនេះ ហាងលក់ទំនិញប្រណិតៗខ្លះ បានកែប្រែតម្លៃទំនិញរបស់ខ្លួន ឯហាងខ្លះទៀតក៏កំពុងកំណត់ឱ្យអ្នកទេសចរម្នាក់អាចទិញទំនិញរបស់ខ្លួនបានតែមួយមុខប៉ុណ្ណោះ។ ក្រុមហ៊ុនទេសចរក៏បានបិទសេវាទូទាត់ប្រាក់ជាប្រាក់លីរ៉ាផងដែរ ដើម្បីទប់ស្កាត់ការទិញប្រាក់លីរ៉ាសម្រាប់ទុកលក់ពេលវាឡើងថ្លៃវិញនៅថ្ងៃមុខ។
លោក លី លាវយ៉ាង ប្រធានក្រុមអ្នកវិភាគ ធនាគារ China Merchants Bank “ស្ថានភាពនេះបានកើតឡើងម្តងរួចទៅហើយកាលពីឆ្នាំ២០១៤ នៅពេលដែលប្រាក់យេនរបស់ជប៉ុនបានចុះថោកខ្លាំង បើធៀបនឹងប្រាក់ដុល្លារ។ ហើយនៅពេលដែលប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងចុះថោកខ្លាំង ទំនិញប្រណិតៗរបស់គេក៏មានគេទិញច្រើនដែរ។”
រហូតមកដល់ពេលនេះ មិនទាន់មានការប្រែប្រួលជាដុំកំភួនចំពោះការកក់ដំណើរការកំសាន្តមកកាន់ប្រទេសតួគីទេ។ ប៉ុន្តែជារួម អ្នកទេសចរចិនដែលមកកំសាន្តទីនេះនាពេលបច្ចុប្បន្ន មានចំនួនច្រើនបំផុតបើធៀបនឹងរយៈពេល៣ឆ្នាំកន្លងទៅ ដោយសារប្រទេសតួគីបានផ្សព្វផ្សាយពីវិស័យទេសចររបស់ខ្លួនយ៉ាងខ្លាំង។
ធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់ លីរ៉ា បានចុះថោកប្រហែល៤០ភាគរយទៅហើយ បើគិតចាប់តាំងពីដើមឆ្នាំនេះមក បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីតួគី២នាក់ ដែលអាមេរិកចោទថា បានចូលរួមឃុំឃ្លួនគ្រូគង្វាលជនជាតិអាមេរិកឈ្មោះថា អែនឌ្រូ ប្រាប់សិន (Andrew Brunson)។
ប្រធានាធិបតីតួគី លោក ថាយីប អឺដូហ្គេន (Tayyip Erdogan) កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើលិខិតមួយដែលដំឡើងពន្ធនាំចូលទំនិញពីអាមេរិកមួយចំនួនដូចជារថយន្ត ស្រា និង បារីជាដើម ដើម្បីឆ្លើយតបចំពោះការដែលអាមេរិកដំឡើងពន្ធនាំចូលទ្វេដង ចំពោះដែកថែបនិងដែកអាលុយមីញ៉ូមរបស់តួគី៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍