Connect with us

ជីកៗ ស្រាប់តែឃើញបដិមាដ៏ធំមួយ នៅខេត្តសៀមរាប

ពិតជាចៃដន្យមែន!

សៀមរាប៖ បដិមាធំមួយ ដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខ មានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញ នៅជ្រុងឦសាន នៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍រកឃើញបដិមានេះ ស្ថិតក្នុងស្ថានភាពចៃដន្យដោយប្រជាជនដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។ នេះជាការចុះផ្សាយក្នុងអត្ថបទព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៨ ខែកក្កដានេះ។

លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច ក្នុងកសិន្ធុក្បែរប្រាសាទព្រះគោ ដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់។

លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌ ដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

ក្រុមការងារនឹងគូររូប ថតរូប វាស់វែង ចងក្រងឯកសារ បន្ទាប់មកយកបដិមានេះ ទៅរក្សាទុកនៅរោងជាង ដើម្បីឱ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និងតភ្ជាប់នូវបំណែកបដិមានេះ ឡើងវិញមុននឹងតាំងបង្ហាញជាសាធារណៈ។

សូមបញ្ជាក់ថា បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួរខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ៕

   

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម