Connect with us

ផលិតកម្មរឿងល្បី Bad Genius និង Pee Mak បង្ហើបពីកត្តាធ្វើឱ្យភាពយន្តជោគជ័យ

ស្ដាប់បន្តិចទៅ មានទៅខាតពេលអី!

ថៃ៖ ស្ថាបនិករបស់ផលិតកម្មថៃ GDH លោក Jira Moligool និងសហការី Vaniridee Pongsittisak ដែលបានជួយឱ្យភាពយន្ត “Bad Genius” និង “Pee Mak” ត្រូវបានបរទេសទទួលស្គាល់ និងកោតសរសើរ បានឆ្លៀតចូលរួមកម្មវិធីពិភាក្សាការផលិតភាពយន្តរបស់ថៃ ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួន កាលពីសប្ដាហ៍មុន។

លោកស្រី Vaniridee បានលើកឡើងដូច្នេះថា ភាពយន្តមួយអាចជោគជ័យទៅបាន “ត្រូវតែឆក់យកចំណាប់អារម្មណ៍របស់ទស្សនិកជន”។ ក៏ប៉ុន្តែ អ្នកទាំងពីរ សង្កត់ធ្ងន់ថា វាអាស្រ័យទៅលើ “លំនឹងរវាង ចំណាប់អារម្មណ៍ផ្ទាល់របស់ផលិតករ និង អ្វីដែលទាក់ទាញទៅដល់អ្នកទស្សនាភាគច្រើនពីគ្រប់មជ្ឈដ្ឋាន”។

លោក Jira បានអះអាងថា ប្រសិនបើផលិតករ ដាក់ចិត្តដាក់កាយក្នុងការផលិតរឿងមួយ ទស្សនិកជននឹងអាចដឹងដូចគ្នា។ អ្នកដឹកនាំ មិនអាចផលិតភាពយន្តមួយ ដែលមិនមែនជាចំណាប់អារម្មណ៍របស់ពួកគេបានឡើយ។ ជាងនេះទៅទៀត លោកបន្តថា ការឆ្លងកាត់សាលាដ៏ត្រឹមត្រូវមួយ ក៏បានរួមចំណែកក្នុងការជួយឱ្យផលិតករទទួលបានជោគជ័យផងដែរ។

សូមជម្រាបថា “Pee Mak” ជាភាពយន្ត ដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ថៃ ដោយរកចំណូលបាន ១ពាន់លានបាតពីការចាក់បញ្ចាំង ដែលជាកំណត់ត្រាថ្មីមួយ នៅទូទាំងប្រទេស។ ដោយឡែក កាលពីខែឧសភា ផលិតកម្មអាមេរិក Picturestart បានចុះកុងត្រាជាមួយភាគីថៃ ដើម្បីថតសាឡើងវិញ នូវភាពយន្ត “Bad Genius” នៅហូលីវូដ ដែលនិយាយជាភាសា អង់គ្លេស៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម