Connect with us

លាយថ្នាំគីមីខុសបច្ចេកទេស ផ្ទុះលាន់ដូចគ្រាប់មីន របួសយ៉ាងតិច៤នាក់ នៅប៉ៃលិន

លាយថ្នាំគីមីខុសបច្ចេកទេស ផ្ទុះលាន់ដូចគ្រាប់មីន របួសយ៉ាងតិច៤នាក់ នៅប៉ៃលិន

 

ប៉ៃលិន៖ ករណីផ្ទុះពីដុងថ្នាំគីមីលាយបញ្ជូលគ្នា ដើម្បីបង្កើតជាអ័រម៉ូន ឬជី សាន (ភាសាថៃ) សម្រាប់ដាក់ដើមតាង៉ែន ឱ្យចេញផ្លែ បណ្តាលឱ្យមនុស្សចំនួន ៤នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ។ ហេតុការខាងលើនេះ បានកើតឡើងនៅភូមិអូរពឺត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីម៉ោង៧:៣០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានចាប់ផ្តើមធ្វើជីលាយផ្សំជីគីមីបញ្ជូលគ្នា បង្កើតជាអ័រម៉ូន ឬភាសាថៃនិយាយថា (សាន) ដើម្បីយកទៅដាក់ដើមតាង៉ែនឱ្យចេញផ្លែ បន្ទាប់ពីលាយបញ្ជូលគ្នាហើយ ជនរងគ្រោះ បានយកមកកូរក្រឡុក ដើម្បីឱ្យចូលសាច់តែមួយ ពេលនោះស្រាប់តែបង្កឱ្យផ្ទុះលាន់ឭ ដូចផ្ទុះគ្រាប់មីន បណ្តាលឱ្យជនរងគ្រោះជាម្ចាស់ផ្ទះ សន្លប់តែម្តង ព្រមទាំងបង្កឱ្យមនុស្សពីរទៅបីនាក់ផ្សេងទៀត រងរបួសជាមួយគ្នាដែរ។

ករណីនេះ ក៏មានការលើកឡើងពីមន្ត្រីជំនាញផងដែរថា ថ្នាំគីមីដែលជនរងគ្រោះយកមកលាយបញ្ជូលគ្នា ជាប្រភេទថ្នាំ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ហើយប្រសិនជា យើងមិនចេះជំនាញច្បាស់លាស់នោះ កុំប្រថុយលាយបញ្ជូនគ្នាឱ្យសោះ ព្រោះអាចគ្រោះថ្នាក់ជាយថាហេតុ ដូចករណីខាងលើផងដែរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com