Connect with us

ដំណឹងល្អ! នៅពាក់កណ្តាលឆ្នាំក្រោយ ពលរដ្ឋកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចប្រើប្រាស់ QR Code សម្រាប់ទូទាត់ប្រាក់ឆ្លងដែន ជាមួយនឹងប្រទេសថៃ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ នឹងជំរុញគម្រោងស្តីពីការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ រវាងប្រាក់រៀលខ្មែរ និងប្រាក់បាតថៃ ចំពោះប្រតិបត្តិការឆ្លងព្រំដែននៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមអនុវត្តន៍នៅពាក់កណ្តាលឆ្នាំ ២០១៩ខាងមុខ។


គម្រោងរួមគ្នានេះ មានគោលបំណងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ QR Code ដែលជាជំហានដំបូងសម្រាប់ទូទាត់ជាទូទៅ ដូចជា ការទូទាត់របស់ភ្ញៀវទេសចររបស់ប្រទេសទាំងពីរ និងបន្ទាប់មក នឹងបង្កើនវិសាលភាពដល់ការផ្ទេរប្រាក់របស់កម្មករ និង ការទូទាត់ក្នុងពាណិជ្ជកម្មនិងវិនិយោគ។


លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ QR Code នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល ទទួលបានផលចំណេញជាច្រើន ដូចជា អាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញ ឬ ទូទាត់ចំណាយនានា ដូចជា សេវាព្យាបាលជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយតិចបំផុត បើធៀបទៅនឹងការប្តូរនិងការកាន់សាច់ប្រាក់បាតទៅចាយលើទឹកដីថៃ។


លោកជំទាវបញ្ជាក់ថា ប្រជាជនកម្ពុជា នឹងមិនចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ ដែលពេលខ្លះអាចទទួលរងនូវការខាតបង់ពីការប្តូរប្រាក់ ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយអាចធ្វើការចំណាយដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់បង់និងខ្វះខាតប្រាក់បាតថៃ នៅពេលដែលមានគណនីជាប្រាក់រៀលនៅកម្ពុជា។ លើសពីនេះ ការប្រើប្រាស់ QR Code ក៏នឹងអាចអនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃទំនិញឱ្យគ្នាដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការប្តូរប្រាក់នៅតាមភ្នាក់ងារប្តូរប្រាក់នានាផងដែរ ចំណែកឯកម្មករកម្ពុជាដែលធ្វើការនៅប្រទេសថៃក៏នឹងអាចផ្ទេរប្រាក់ទៅគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធនេះ ជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។


គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក ស្របតាមគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ម៉្យាងទៀត ការប្រើប្រាស់ QR Code ជាមួយនឹងគណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការមានតម្លៃទាប ងាយស្រួលនិងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការតូចៗរបស់ប្រជាជនក្រីក្រនិងថ្នាក់កណ្តាល៕

 

 

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម