Connect with us

ស្រ្តីម៉ាឡេស៊ីម្នាក់រកឃើញដង្កូវក្នុងជើងក្រោយទៅលេងសមុទ្រ

ទៅលេងសមុទ្រកុំភ្លេចពាក់ស្បែកជើងផង

កូឡាឡាំពួរ៖ ស្រ្តីម៉ាឡេស៊ីម្នាក់បានចែករំលែកបទពិសោធន៍របស់ខ្លួនក្រោយត្រឡប់មកពីលេងសមុទ្រវិញក៏មានដង្កូវនៅក្នុងបាតជើងដោយសារតែនាងដើរជើងទទេរនៅសមុទ្រ មួយសប្តាហ៍ក្រោយពីត្រឡប់មកពីវិស្សមកាលវិញ នាងចាប់អារម្មណ៍ឃើញមានខ្សែក្រហមនៅលើបាតជើងប៉ុន្តែនាងមិនបានចាប់អាមរ្មណ៍ឡើយ ដោយគិតថាវាគ្រាន់តែជាសរសៃជើងប៉ុណ្ណោះព្រោះនាងមិនមានការឈឺចុកចាប់អ្វីទាំងអស់។

ក្រោយមកវាក៏ចាប់ផ្តើមរមាស់ ហើយនាងមានអារម្មណ៍ថាមានរបស់ម្យ៉ាងកំពុងកម្រើកនៅក្នុងបាតជើងខាងឆ្វេងរបស់នាង ទើបនាងសម្រេចចិត្តបង្ហោះរូបចូលទៅក្នុងបណ្តាញសង្គមហ្វេសបុកដើម្បីសុំយោបល់ពីមិត្តភក្តិ បន្ទាប់មកក៏មានមិត្តរបស់នាងម្នាក់បានប្រាប់ថាវាជាដង្កូវ។ ដើម្បីឱ្យអស់ចិត្តនាងក៏បានទៅជួបវេជ្ជបណ្ឌិតដើម្បីធ្វើការពិនិត្យ លោកគ្រូពេទ្យបានប្រាប់ថា វាជាដង្កូវដែលកើតឡើងពីប៉ារ៉ាស៊ីតម្យ៉ាងដែលអាចជ្រាបចូលស្បែកបាននៅពេលដែលអ្នកដើរលើដីសើម ដូចនេះគួរតែពាក់ស្បែកជើងរាល់ពេលទៅលេងសមុទ្រ និង ក្រាលក្រណាត់មុនពេលអង្គុយលើដីខ្សាច់។

ទោះជាយ៉ាងណា លោកគ្រូពេទ្យមិនអាចយកវាចេញបានឡើយ ដោយសារតែមិនអាចកំណត់ទីតាំងពិតប្រាកដរបស់វាបាន ប៉ុន្តែលោកគ្រូពេទ្យបានផ្តល់យោបល់នាងឱ្យទៅជួបគ្រូពេទ្យសើរស្បែកដើម្បីយកចេញ។ ដូចនេះ រាល់ពេលទៅលេងសមុទ្រលោកអ្នកគួរមានការប្រុងប្រយ័ត្ន កុំធ្វើការដើរដោយជើងទទេរឱ្យសោះ ប្រយ័ត្នដូចស្ត្រីម៉ាឡេស៊ីម្នាក់នេះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម