Connect with us

លោក គីម ជុងអ៊ុន ប្រើច្រើនក្បាច់ ទម្រាំអាចនាំរថយន្តរបស់គាត់ចូលប្រទេសបាន

លោក គីម ជុងអ៊ុន ប្រើច្រើនក្បាច់ ទម្រាំអាចនាំរថយន្តរបស់គាត់ចូលប្រទេសបាន

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង បានបង្កការភ្ញាក់ផ្អើលដល់អ្នកតាមដាននៅជុំវិញពិភពលោក បន្ទាប់ពីលោក បានប្រើប្រាស់កងអង្គរក្ស ឱ្យរត់តាមរថយន្តរបស់លោក កាលពីជំនួបជាមួយមេដឹកនាំកំពូលៗ នាពេលកន្លងទៅ។ គេសង្កេតឃើញថា រថយន្តរបស់លោក គីម ជុងអ៊ុន គឺជារថយន្ត ប្រភេទ Mercedes-Maybach S600 ដែលបំពាក់ប្រព័ន្ធការពារគ្រាប់កាំភ្លើង។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ទម្រាំអាចនាំរថយន្តរបស់លោក គីម ជុងអ៊ុន ចូលប្រទេសបាន គាត់ត្រូវរង់ចាំ ៦ខែ ទើបរថយន្តត្រូវបានបញ្ជូនទៅដល់កូរ៉េខាងជើង។ រថយន្ត ចំនួន ២គ្រឿងនោះ ត្រូវបានដឹកឆ្លងកាត់ប្រទេសចំនួន ៤ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង និង រុស្ស៊ី។ មូលហេតុដូច្នេះ គឺដោយសារតែកូរ៉េខាងជើង ជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដាក់បម្រាមក្រុមហ៊ុននានា ក្នុងការនាំចេញផលិតផលទំនើបៗ ទៅកាន់ប្រទេសមួយនេះ។

រថយន្តរបស់លោក គីម មានតម្លៃប្រហែល ៥០ម៉ឺនដុល្លារក្នុងមួយគ្រឿង។ តាមអ្នកស្រាវជ្រាវ ២រូប បានឱ្យដឹងថា លោក គីម បានប្រើប្រាស់វិធីសាស្ត្រដ៏ស្មុគស្មាញមួយ ដើម្បីនាំចូលរថយន្តរបស់គាត់ ដោយដំបូង គេបានដឹកចេញពីទីក្រុង Rotterdam នៅហុល្លង់ ទៅកាន់ទីក្រុង Dalian នៅចិន។ បន្ទាប់មក រថយន្តទាំងពីរគ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីក្រុងអូសាកា ប្រទេសជប៉ុន រួចទៅទីក្រុង Busan របស់កូរ៉េខាងត្បូង។ ពីទីនេះ រថយន្តទាំងពីរគ្រឿង ត្រូវបានដឹកដោយកប៉ាល់មួយគ្រឿង។ ក្រោយពីចាកចេញពីកំពង់ផែ កប៉ាល់នោះ ត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធ AIS ដែលតាមដានទីតាំងរបស់កប៉ាល់នៅលើសមុទ្រ។ កប៉ាល់ដដែល ត្រូវបានសង្ស័យថា បានឆ្ពោះទៅកាន់ទីក្រុង Nakhodka នៅរុស្ស៊ី ដែលបានទៅដល់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។ គេបានដឹងថា ប្រព័ន្ធ AIS មិនអាចកំណត់ទីតាំងរបស់កប៉ាល់នោះបានទេ ចាប់ពីថ្ងៃទី១ ដល់ ១៩ ខែតុលា ហើយប្រព័ន្ធអាចចាប់ទីតាំងរបស់កប៉ាល់ដដែលបានវិញ នៅជិតទីតាំងកំពង់ផែ Busan នៅកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែវិច្ឆិកា ពោលគឺនៅជិតទីតាំងដែលកប៉ាល់បានបាត់ចេញពីរ៉ាដា។

នៅឯរុស្ស៊ី វិញ នៅថ្ងៃទី៧ ខែតុលា យន្តហោះដឹកទំនិញ ៣គ្រឿង ដែលហោះពីទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង បានទៅដល់រុស្ស៊ី។ គេសង្ស័យថា យន្តហោះនោះ បានលួចដឹករថយន្តរបស់លោក គីម ដោយសម្ងាត់។ យន្តហោះដដែលក៏ធ្លាប់ដឹករថយន្តដែលមានប្រព័ន្ធការពាររឹងម៉ាំ ទៅកាន់កូរ៉េខាងជើងផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្តខាងលើ បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការលក់រថយន្តទៅឱ្យកូរ៉េខាងជើងនោះទេ ដោយវាអាចជាសកម្មភាពរបស់ភាគីទី៣។ ចំណែក កំពង់ផែ នៅទីក្រុង Nakhodka មិនអាចឆ្លើយតបនឹងអ្នកសារព័ត៌មានបានទេ។

កូរ៉េខាងជើង ត្រូវបានរាយការណ៍ថា បានលួចនាំចូលរថយន្តទំនើបជាង ៨០០គ្រឿង ចាប់ពីឆ្នាំ២០១៥ ដល់ ២០១៧ ។ ភាគច្រើនរថយន្ត ត្រូវបាននាំចូលតាមប្រទេសរុស្ស៊ី៕

   

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម