Connect with us

មនុស្សយន្តថ្មីៗ បានបង្ហាញមុខ ក្នុងសន្និបាតមនុស្សយន្តពិភពលោក ដែលបានរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន

ប៉េកាំង ៖ មនុស្សយន្តសម្រាប់ប្រើក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មជាច្រើនប្រភេទផ្សេងៗគ្នា បានធ្វើឱ្យអ្នកទស្សនា ភ្ញាក់ផ្អើល នៅក្នុងសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ។ ក្រុមហ៊ុនចិននិងក្រុមហ៊ុនអន្តរជាតិដែលផលិតមនុស្សយន្តជាង១៦០ក្រុមហ៊ុន បានបង្ហាញមនុស្សយន្តជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន នៅក្នុងព្រឹតិ្តការណ៍រយៈពេល៥ថ្ងៃនេះ ។

គេឃើញមានមនុស្សយន្តដែលមានជំនាញដែលអាចយកមកប្រើការបាន នៅគ្រប់ទីកន្លែងតែម្តងនៅក្នុងសន្និបាតនេះ។ ក្នុងនោះ រួមមាន ដូចជាមនុស្សយន្តខ្នាតតូចនៅឯសាលមនុស្សយន្តឧស្សាហកម្ម ដែលអាចមួលអំពូលភ្លើងបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងអាចរើសផ្លែឈើបានយ៉ាងច្បាស់លាស់ទៀតផង។


មនុស្សយន្តមួយទៀតដែលគេយកមកបង្ហាញ មានសមត្ថភាពរើសសូកូឡាពណ៌ក្រហម លឿង និងខៀវ រាប់សិបដុំ ហើយបែងចែកវាទៅតាមពណ៌នីមួយៗ ដោយចំណាយពេលមិនដល់២០វិនាទីផង។ ឯមនុស្សយន្ត S-MIX វិញ ចេះក្រឡុកស្រាបានជាង២០ប្រភេទ ដោយប្រើស្រាសាមញ្ញ៤មុខ លាយជាមួយគ្រឿងផ្សំ៦មុខ។ មិនដល់មួយនាទីផង វាអាចក្រឡុកស្រាបានមួយកែវទៅហើយ គឺលឿនជាងអ្នកក្រឡុកស្រាមែនទែនទៅទៀត។

យោងតាមក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន វិស័យមនុស្សយន្តរបស់ប្រទេសចិន មានកំណើនប្រចាំឆ្នាំជាមធ្យមជិត៣០ភាករយ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដោយមានទឹកប្រាក់៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ។ ចំនួនមនុស្សយន្តដែលប្រើសម្រាប់វិស័យឧស្សាហកម្មដែលផលិតនៅក្នុងប្រទេសចិន នាឆ្នាំ២០១៧ មានចំនួនជាង១សែន៣ម៉ឺនគ្រឿង កើនឡើង៦៨.១ភាគរយបើធៀបនឹងឆ្នាំ២០១៦។

អ្នកទស្សនានៅទីនេះ បានកោតសរសើរដល់មនុស្សយន្តដែលប្រើសម្រាប់វិស័យសេវាកម្ម ដែលគេយកមកតាំងបង្ហាញនៅទីនេះ។ មនុស្សយន្តមួយឈ្មោះថា ណាវ (NAO) អាចតោងឡើងកាំជណ្តើរ និង ចេះលេងវាយកូនហ្គោលទៀតផង។ វាបានចូលរួមប្រកួតបាល់ទាត់World Cupមនុស្សយន្តចំនួន៤ដង ព្រមទាំងបានជួយឱ្យក្រុមចិន ជាប់ចំណាត់ថ្នាក់លេខបីក្នុងការប្រកួតឆ្នាំនេះទៀតផង។

ក្នុងឆ្នាំ២០១៧ មនុស្សយន្តដែលផលិតបាននៅទូទាំងពិភពលោក មានតម្លៃសរុបជាង២៥ពាន់លានដុល្លារអាមេរិក កើនឡើង២០ភាគរយបើធៀបនឹងឆ្នាំ២០១៦។ គេរំពឹងថា តម្លៃនេះនឹងកើនដល់៣០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ បើយោងតាមសហព័ន្ធមនុស្សយន្តអន្តរជាតិ៕

  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម