Connect with us

កុំភ្លេចរង់ចាំស្តាប់ និងទស្សនាពីការធ្វើបាឋកថាសាធារណៈ ថាតើប្រទេសកម្ពុជា គួររៀនសូត្រអ្វីខ្លះ ពីការអភិវឌ្ឍន៍ពិតប្រាកដរបស់ប្រទេសចិន

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ២៣ ខែសីហាខាងមុខនេះ នឹងរៀបចំបាឋកថាមួយក្រោមប្រធានបទ “គំរូនៃការអភិវឌ្ឍពិតប្រាកដរបស់ចិន៖ តើប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត គួររៀនសូត្រអ្វីខ្លះពីប្រទេសចិន” ។ វាគ្មិនកិត្តិយស គឺ លោកស្រីសាស្ត្រាចារ្យ Yuen Yuen Ang, អ្នកនិពន្ធសៀវភៅ តើប្រទេសចិនគេចចេញពីអន្ទាក់នៃភាពក្រីក្រដោយរបៀបណា (How China Escaped the Poverty Trap) ។

ក្នុងសេចក្តីប្រកាសព័ត៌មាន លោកស្រីសាស្រ្តាចារ្យ Ang បានលើកឡើងថា មនុស្សជាច្រើនមើលឃើញគំរូនៃការអភិវឌ្ឍរបស់ចិន ថា គ្រាន់តែជាអភិបាលកិច្ចពីលើចុះក្រោម (top-down) គួបផ្សំនឹងការវិនិយោគក្នុងទ្រង់ទ្រាយធំសម្បើមលើហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ ពួកគេសន្មតថា ប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតគួរ ឬ ត្រូវចម្លងតាមចំណុចទាំងនេះ។

លោកស្រីសាស្ត្រាចារ្យ Ang នឹងបកស្រាយការយល់ច្រឡំជាទូទៅនេះ តាមរយៈការបង្ហាញក្នុងលក្ខណៈជាប្រព័ន្ធពីប្រវត្តិនៃបម្រែបម្រួលសេដ្ឋកិច្ច និងស្ថាប័នរបស់ប្រទេសចិន ចាប់ពីឆ្នាំ ១៩៧៨ រហូតដល់ឆ្នាំ ២០១២។ ក្នុងសៀវភៅ លោកស្រីសាស្ត្រាចារ្យ Ang អះអាងថា ការភ្ជាប់គំរូរបស់ចិន ជាមួយនឹងរបបផ្ដាច់ការបែបសម័យទំនើប គឺជារឿងភាន់ច្រឡំ។ សាស្ត្រាចារ្យ Ang លើកឡើងថា គន្លឹះពិតប្រាកដនៃជោគជ័យរបស់ប្រទេសចិន មិនមែនជាការគ្រប់គ្រងបែបពីលើចុះក្រោមនោះឡើយ ប៉ុន្តែជា “ការច្នៃប្រឌិតដែលមានគោលដៅច្បាស់លាស់ (directed improvisation)” — ពោលគឺការដាក់បញ្ជាពីលើចុះក្រោម ពីទីក្រុងប៉េកាំង និងការច្នៃប្រឌិតគំរូនេះពីក្រោមឡើងលើ (bottom-up) ដោយរដ្ឋ បាលមូលដ្ឋានជាច្រើន ដែលផ្ដល់លទ្ធភាពឱ្យមានការអភិវឌ្ឍសមស្របទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។

អ្វីដែលប្រទេសនានា តួយ៉ាងប្រទេសកម្ពុជាជាដើម អាចរៀនសូត្រពីប្រទេសចិន គឺត្រូវកែសម្រួល “ការច្នៃប្រឌិតដែលមានគោលដៅច្បាស់លាស់ (directed improvisation)” ឱ្យស្របតាមបរិបទប្រជាធិបតេយ្យ៖ ពោលគឺការទាញប្រយោជន៍ពីធនធានក្នុងស្រុក ដែលប្រហែលជាមិនស្របទៅតាមការអនុវត្តល្អបំផុតរបស់បស្ចិមប្រទេស ការផ្ដល់ឱ្យតួអង្គពាក់ព័ន្ធជាច្រើននូវការរួមចំណែកផ្ទាល់ខ្លួនក្នុងកិច្ចអភិវឌ្ឍ និងការជម្រុញឱ្យមានការច្នៃប្រឌិតពីក្រោមឡើងលើក្នុងសង្គម និង/ឬរដ្ឋាភិបាល។

ទីភ្នាក់ងារសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានអញ្ជើញសាស្ត្រាចារ្យ Ang ឱ្យធ្វើបាឋកថាសាធារណៈអំពីស្នាដៃនិពន្ធរបស់លោកស្រី និង បង្ហាញពីទំនាក់ទំនាក់រវាងស្នាដៃស្រាវជ្រាវនេះ ជាមួយនឹងឱកាស និងកាលានុវឌ្ឍភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា ដោយសារតែកន្លែងអង្គុយមានកំណត់ បាឋកថានេះនឹងទទួលអ្នកចូលរួមដែលទទួលបានលិខិតអញ្ជើញតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នឹងមានការថតវីដេអូបាឋកថា និងការពិភាក្សាដែលចូលរួមដោយវាគ្មិន ព្រមទាំងផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ទីភ្នាក់ងារសហប្រជាជាតិប្រចាំប្រទេសកម្ពុជា តាមរយៈគេហទំព័រ៖ https://www.facebook.com/OneUNCambodia ។

UNDP ក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីទស្សនវិ ស័យផ្សេងមួយទៀត ដល់អ្នកជំនាញផ្នែកអភិវឌ្ឍន៍នៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ពុំមានន័យថា ជាការផ្ដល់ការគាំទ្រដល់អ្នកនិពន្ធសៀវភៅ ឬ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាក់លាក់ណាមួយនោះឡើយ ប៉ុន្តែគ្រាន់តែជាឱកាសរៀនសូត្រសម្រាប់សហគមន៍តែប៉ុណ្ណោះ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម