Connect with us

សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុក្មេងស្រីឆាប់ពេញវ័យមុនអាយុ

សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុក្មេងស្រីឆាប់ពេញវ័យមុនអាយុ

ជាម៉ាក់ ជាប៉ាគេ អ្នកណាមិនចង់ឲ្យកូនឯងស្អាត ពិសេសមានកូនស្រី ច្បាស់ជាចង់ឲ្យមើលទៅបើមិនបានលើសគេ ក៏ចុះចំណោមគេខ្លះដែរ ប៉ុន្តែចង់ស្អាត ក៏ស្អាតចុះ កុំទម្លាប់កូនឲ្យប្រើគ្រឿងសម្អាងតាំងវ័យក្មេងឲ្យសោះ ព្រោះការសិក្សាថ្មីរកឃើញថា សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឲ្យក្មេងស្រី ឆាប់ពេញវ័យមុនអាយុ នាំឲ្យក្មេងរងផលប៉ះពាល់ពីជំងឺកាចសាហាវជាច្រើនទៅថ្ងៃមុខ។

គ្រប់ការ ឬពេញវ័យមុនអាយុ ជាមូលហេតុតូចមួយ រួមចំណែកធ្វើឲ្យអត្រាប្រឈម ជំងឺមហារីកដោះ និងមហារីកក្រពេញអូវែ កើតលើក្មេងស្រី និងមហារីកពងស្វាស កើតលើក្មេងប្រុសកើនឡើងខ្លាំង។ ក្រុមអ្នកស្រាវជ្រាវ បានផ្ដោតអារម្មណ៍លើកម្រិតសារធាតុគីមី ភាគច្រើនមានក្នុងផលិតផលថែរក្សាសម្រស់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ ដែលស្រីៗមានផ្ទៃពោះ និងក្មេងៗមានអាយុ ៩ឆ្នាំ និយមប្រើប្រាស់។
ជាទូទៅ ក្មេងៗចាប់ផ្ដើមមានការលូតលាស់លើសរីរាង្គ ដូចជាដើមទ្រូង ដុះរោម ពងស្វាស និងមានវដ្តរដូវ ក្នុងចន្លោះពីអាយុ ៩-១៣ ឆ្នាំ ខណៈការសិក្សារកឃើញថា ក្មេងស្រីមានផ្ទុកសារធាតុគីមីខ្ពស់តាំងពីក្នុងផ្ទៃ ឬនៅវ័យ ៩ឆ្នាំ មានការលូតលាស់ពេញវ័យមុនកាលកំណត់ ២ ខែ។
ក្រុមអ្នកស្រាវជ្រាវ ក៏បានជ្រើសរើសស្ត្រីមានផ្ទៃពោះក្នុងអំឡុងឆ្នាំ ១៩៩៩ ដល់ ២០០០ ពីតំបន់កសិកម្មមួយនៅរដ្ឋ California ដោយប្រមូលតេស្តទឹកនោមទៅពិនិត្យរកសារធាតុគីមីដែលមានជាប់ទាក់ទង ដូចជាជាតិ Diethyl, Phthalate, Triclosan, Methyl, Paraben និង Propyl Paraben ហើយភាគច្រើនសារធាតុគីមីទាំងនេះ រកឃើញមានក្នុងគ្រឿងក្រអូប ដូចជា ទឹកអប់ សាប៊ូកក់សក់ និងផលិតផលបំបាត់ក្លិនខ្លួន គ្រឿងសម្អាង សាប៊ូដុំ និងថ្នាំដុសធ្មេញផងដែរ។ ក្រៅពីនេះអ្នកស្រាវជ្រាវ បានធ្វើការសម្ភាសន៍ពីកត្តាអាយុ ចំណេះដឹង ប្រវត្តិគ្រួសារ ចំណូលគ្រួសារ និងទម្ងន់របស់ស្ត្រីមុនមានផ្ទៃពោះ។
បន្ថែមពីនេះ ពួកគេចាប់ផ្ដើមសិក្សាលើកូនៗស្រីៗទាំងនោះ មានអាយុ ៩ឆ្នាំ ដោយធ្វើតេស្តទឹកនោម វាស់កម្ពស់ ថ្លឹងទម្ងន់ និងពិនិត្យមើលអវយវៈ ដើម្បីរកមើល មានសញ្ញាលូតលាស់ពេញវ័យឬនៅ។ ការតាមដានពិនិត្យនេះធ្វើឡើងរៀងរាល់ ១៨ ខែម្ដង រហូតដល់ក្មេងមានអាយុ ១៣ឆ្នាំ ដោយធ្វើលើក្មេងចំនួន ៣៣៨នាក់ ក្នុងនោះក្មេងស្រី ១៧៩នាក់ និងក្មេងប្រុស ១៥៩ នាក់។

លទ្ធផលតេស្តទឹកនោម ៩០% មានវត្តមានសារធាតុគីមីទាំងអស់ លើកលែងតែជាតិ Triclosan ដែលរកឃើញមានត្រឹមតែ ៧៣% នៃស្ត្រីជាម្តាយ និង ៦៩% មានលើក្មេងៗទាំងនោះ ខណៈក្មេងស្រីចូលរួមក្នុងការពិសោធន៍នេះ ជាមធ្យមចាប់មានរដូវនៅជាងអាយុ ១១ ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាលើកឡើងថា “យើងបានរកឃើញភស្តុតាងបញ្ជាក់ ការលេចឡើងនូវវត្តមានសារធាតុគីមី Phthalates Parabens និង Phenols ក្នុងផលិតផលថែរក្សាសម្រស់ គ្រឿងសម្អាង របស់ស្រីៗពពោះ និងក្មេងមិនទាន់គ្រប់ការ ជាមូលហេតុមួយធ្វើឲ្យក្មេងស្រីឆាប់ពេញវ័យ តែមានភាគរយតិចប៉ុណ្ណោះចំពោះក្មេងប្រុស។”
តាមរយៈការស្រាវជ្រាវនេះ អាចបង្ហាញថា សារធាតុគីមីមួយចំនួន មានក្នុងផលិតផលនានា យើងប្រើប្រាស់ប្រចាំថ្ងៃ មានផលប៉ះពាល់ដល់អ័រម៉ូនយើង ហើយការសិក្សានេះដូចគ្នា ក៏អាចស្រាយចម្ងល់បាន ថាតើហេតុអ្វីក្មេងៗសម័យឥឡូវឆាប់ពេញវ័យម្ល៉េះ? តាមការសិក្សា មនុស្សជាច្រើន បានដឹងឮរឿងសារធាតុគីមីនេះដែរ តែគេនិយាយថា វាពិបាកនឹងចៀសផុត។ បើយើងសង្កេតឃើញមាន សញ្ញាណាបង្ហាញពីការចាប់ផ្ដើមលូតលាស់មុនកាលកំណត់ យើងជាប៉ាម៉ាក់ គួរព្យាយាមពន្យល់កូនពីការផ្លាស់ប្ដូរអវយវៈ រាងកាយ និងផ្លូវចិត្ត ដើម្បីឲ្យពួកគេបានត្រៀមខ្លួនទុកមុន៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម