Connect with us

ការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនមានបញ្ហាសុខភាព ៥ករណីពុំអាចបញ្ចប់ការប្រឡងបាន តែការប្រឡងជារួមក្រសួងអះអាងថាល្អជាងឆ្នាំមុនៗ

បន្ទាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាត្រូវបានបញ្ចប់ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសថា បេក្ខជនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរមានចំនួន ៦៤ករណី ហើយបន្ទាប់ពីទទួលបានការសង្គ្រោះបឋម អាចបន្តការប្រលងទៀតបានវិញ។ ក្រៅពីនេះ មាន៥ករណីដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពុំអាចត្រឡប់មកបញ្ចប់ការប្រឡងបាន។

ក្រសួងអប់រំយុវជ ននិងកីឡា បានប្រកាសបន្ថែមថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ចំនួន២ថ្ងៃ គឺថ្ងៃ២០ និង២១ សីហា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ បើទោះបីជានៅបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ តែផ្ទុយទៅវិញ ក្រសួងអប់រំយុវជន និងកីឡាបានអះអាងថា ដំណើរការសំណេរទាំងពីរថ្ងៃមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅទៀត។

ជាមួយគ្នានោះក្រសួងបានកត់សំគាល់ឃើញថា បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមក ជាប់ខ្លួននៅសំណៅឯកសារ និងឧបករណ៍ហាមឃាត់ឡើយ។ប៉ុន្តែទោះយ៉ាងណា ក្នុងចំណោមនោះ មានបេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន ៧ករណីដែលមានករណីដកហូត ទូរស័ព្ទ៥ករណី និងនាំសំណៅឯកសារចូលមាន ២ករណី ខណៈដែលមានគណៈមេប្រយោគប្រព្រឹត្តកំហុសឆ្គង ដោយទុកជាប់ខ្លួន និងប្រើប្រាស់ទូរស័ព្ទដៃក្នុង មណ្ឌលសំណេរចំនួន៥ករណី។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រសួងអប់រំបញ្ជាក់ថា តាមការគ្រោងទុក លទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនារសៀលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨ និងតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀតនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ និងមានផ្សព្វផ្សាយតាម បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា៕


សូមបញ្ជាក់ថាបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៥ ២៦៨នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៦ មណ្ឌលក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៩៩ មណ្ឌលនិងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៩៧ មណ្ឌល ដែលត្រូវនឹង ៤៦៥៥បន្ទប់ទូទាំងប្រទេស ដោយក្នុងរយៈពេលពីរថ្ងៃនេះមានបេក្ខជនអវត្តមានសរុប ១,៨៩៩នាក់ ស្រី៧៤៤នាក់ ត្រូវជា ១,៦៥ភាគរយ នៃចំនួនសិស្សចុះឈ្មោះសរុប៕

      

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម