Connect with us

ផលិតផលពង្រីកដើមទ្រូងអាមេរិក អាចបង្កមហារីក ត្រូវប្រមូលវិញទូទាំងពិភពលោក

ផលិតផលពង្រីកដើមទ្រូងអាមេរិក អាចបង្កមហារីក ត្រូវប្រមូលវិញទូទាំងពិភពលោក

ការវះកាត់ពង្រីកដើមទ្រូង ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការកើនឡើងខ្លាំង នៅតំបន់អាស៊ី ដោយឧបករណ៍ ក៏ដូចជាសារធាតុប្រើសម្រាប់ការវះកាត់ ភាគច្រើនប្រើផលិតផលមកពីអាមេរិក។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនអាមេរិកមួយ បានប្រកាសប្រមូលត្រលប់ទៅវិញ នូវស៊ីលីកូន និងជាលិកាពង្រីកដើមទ្រូង (Biocell Textured Breast Implants) ទូទាំងពិភពលោក ក្រោយមានការព្រួយបារម្ភ អាចបង្កជំងឺមហារីក។

ការប្រកាសរបស់ក្រុមហ៊ុន Allergan Plc បានធ្វើឡើងក្រោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រកឃើញថា ការប្រើប្រាស់ជាលិកា ឬស៊ីលីកូន ពង្រីកដើមទ្រូងក្រុមហ៊ុននេះ បង្កឱ្យកើតជំងឺមហារីកប្រភេទកម្រ ហៅថា Breast-implant Associated Anaplastic Large Cell Lymphoma (BIA-ALCL)។ ក្រុមហ៊ុន ក៏បានបញ្ឈប់ការលក់ផលិតផលសម្រាប់វះកាត់ពង្រីកដើមទ្រូងរបស់ខ្លួន នៅតំបន់អឺរ៉ុប និងប្រទេសកាណាដា ផងដែរ។

FDA ធ្លាប់ព្រមានពីហានិភ័យប្រឈមកើតមហារីក ប្រភេទ BIA-ALCL គឺមានអត្រាខ្ពស់ក្នុងការវះកាត់ពង្រីកដើមទ្រូង ដោយប្រើផលិតផលរបស់ក្រុមហ៊ុន Allergan Plc។ បើធៀបនឹងក្រុមហ៊ុនផ្សេង ផលិតផលក្រុមហ៊ុន Allergan Plc គឺមានហានិភ័យខ្ពស់ជាង រហូតដល់ ៦ ដង។ FDA បន្តថា ជំងឺមហារីក ប្រភេទ BIA-ALCL មានដល់ទៅ ៥៧៣ ករណី ទូទាំងពិភពលោក ដោយក្នុងនោះ អ្នកជំងឺ ៤៨១ នាក់ លេចចេញរោគសញ្ញា ក្រោយវះកាត់ពង្រីកដើមទ្រូង ដោយប្រើផលិតផលរបស់ក្រុមហ៊ុន Allergan Plc។ ទោះជាយ៉ាងណា ក្រុមហ៊ុនបញ្ជាក់ថា ការប្រកាសយកផលិតផលពង្រីកជាលិកាដើមទ្រូង ប្រភេទ (Biocell Textured Breast Implants) ត្រលប់មកវិញនេះ មិនប៉ះពាល់ដល់ផលិតផលពង្រីកជាលិកាដើមទ្រូង ប្រភេទ Natrelle smooth ឬ Microcell breast នោះទេ៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម