Connect with us

កីឡាករ K-League All Stars លួចក្បាច់អបអររបស់ Ronaldo ពេលទាត់ចូល

កូរ៉េខាងត្បូង៖ កីឡាករ Cesinha របស់ក្រុម K-League All Stars បានប្រើប្រាស់ក្បាច់អបអរសាទររបស់ Cristiano Ronaldo នៅនឹងមុខម្ចាស់សាមីកីឡាករ ដែលកំពុងអង្គុយនៅកៅអីបម្រុង បន្ទាប់ពីទាត់បំប៉ោងសំណាញ់ទីរបស់ Juventus ក្នុងការប្រកួតមិត្តភាព នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ ការអបអរនេះ មិនមែនក្នុងន័យបញ្ឈឺ Ronaldo អ្វីឡើយ ដោយគ្រាន់តែជាការបង្ហាញពីការស្រឡាញ់របស់គេ ចំពោះតារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ប៉ុណ្ណោះ។

គេសង្កេតឃើញ ទឹកមុខរបស់ Ronaldo ហាក់លួចសើចបន្តិច នៅពេលបានឃើញកីឡាកររបស់ K-League All Stars លួចក្បាច់អបអររបស់ខ្លួនដូច្នេះ។ គ្រាប់បាល់នេះ បានកើតឡើងនៅនាទី៤៤ ហើយជាការកត់សម្គាល់ នៅពេលចប់តង់ទីមួយភ្លាម Ronaldo បានដើរទៅជិត Cesinha ហើយដាក់ដៃលើស្មារបស់គេ រួចនិយាយទៅកាន់រូបគេផងដែរ។ យ៉ាងណាមិញ មិនមានការបញ្ជាក់នៅឡើយ ពីសម្ដីរបស់ Ronaldo ដែលបាននិយាយទៅកាន់ Cesinha ។

គ្រាប់បាល់របស់ Cesinha ជាគ្រាប់ទី២ ក្នុងការប្រកួត ខណៈគ្រាប់ទីមួយរបស់ K-League All Stars ធ្វើបានដោយកីឡាករ Osmar នៅនាទី៧។ ហើយគ្រាប់ទី៣ ធ្វើបាននៅនាទី៥០ ដោយកីឡាករ Taggart។ ដោយឡែក គ្រាប់បាល់របស់ Juventus រកបាន នៅនាទី៩ ដោយ Muratore ។ តែត្រូវ Juventus តាមស្មើវិញនៅចុងតង់ទី២។

ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល K-League All Stars ៣ Juventus ៣។

សូមជម្រាបថា ក្នុងការប្រកួត ៩០នាទី លោក Sarri គ្រូបង្វឹក Juventus មិនបានដាក់ Ronaldo ឱ្យលេងនោះទេ។ គេនឹងរង់ចាំការពន្យល់បកស្រាយរបស់លោក ដែលអាចនឹងធ្វើនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួត៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម