Connect with us

ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិចរបស់ចិន កំពុងផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់នៅតំបន់មជ្ឈឹមបូព៌ា

ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិចរបស់ចិនឈ្មោះថា ចូលីឈីក (JollyChic) បានដើរតួនាទីដ៏វិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង ទម្លាប់នៃការទិញទំនិញរបស់ប្រជាជននៅទូទាំងតំបន់មជ្ឈឹមបូព៌ា។ ចូលីឈីក បានកើនប្រជាប្រិយភាពនៅមជ្ឈឹមបូព៌ា និង បានជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញប្រចាំតំបន់នេះ ដោយគ្របដណ្តប់ជាង៨០ភាគរយ នៃចំនួនអ្នកប្រើអ៊ីនធើណេតសរុបនៅទីនេះ ។

ក្រុមហ៊ុនចិននេះ បានចូលមកក្នុងទីផ្សារតំបន់មជ្ឈឹមបូព៌ាកាលពី៣ឆ្នាំមុន ។ ប្រព័ន្ធដឹកជញ្ជូនដែលអាចទុកចិត្តបាន គឺជាកត្តាសំខាន់សម្រាប់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ។ ក្រុមហ៊ុន ចូលីឈីក បានសម្រេចចិត្តសហការជាមួយ អារ៉ាមិច (Aramex) ជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកដ៏មានឈ្មោះបោះសំលេង ដើម្បីធានាថា បណ្តាញដឹកជញ្ជូនរបស់គេ មានស្ថិរភាព និងប្រព្រឹត្តទៅដោយរលូន ព្រមទាំងបង្កើតឱកាសអាជីវកម្មដល់ក្រុមហ៊ុនផងដែរ។

លោក ម៉ូហាមេដ ស៊ុមរៀន អ្នកត្រួតពិនិត្យប្រតិបត្តិការ មជ្ឈមណ្ឌលចែកចាយ យ័រដាន់ អារ៉ាមិច បាននិយាយថា “ វាពិតជាពាក់ព័ន្ធគ្នាមែន ។ តាមពិតទៅ អាជីវកម្មតាមអនឡាញរបស់យើង បានប្រែប្រួលខ្លាំងណាស់។ យើងចាប់ផ្តើមមានមុខរបរថ្មីៗ និងមានអ្នកលក់រាយតាមអនឡាញថ្មីៗ ។ កាលពីឆ្នាំ២០១៦ និង ២០១៧ យើងទទួលបានមុខរបរផ្នែកលក់ទំនិញតាមអនឡាញយ៉ាងច្រើន។ យើងមានក្រុមការងារដ៏ពិសេសសម្រាប់រ៉ាប់រងការងារលក់ទំនិញអនឡាញតែម្តង ដើម្បីទាក់ទងជាមួយអតិថិជនម្នាក់ៗ ទាំងសម្រាប់ក្រុមហ៊ុនចូលីឈីកផង និង សម្រាប់មុខរបរលក់ទំនិញអនឡាញគ្រប់ប្រភេទដែលយើងមានផង។”

ដោយខុសពីក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុក និងក្រៅស្រុកផ្សេងទៀត ក្រុមហ៊ុនចូលីឈីក ផ្តល់ជម្រើសបង់ប្រាក់ជាក្រដាសប្រាក់នៅពេលបញ្ជូនទំនិញដល់ដៃអតិថិជន ព្រមទាំងធានាសងប្រាក់វិញក្នុងករណីទំនិញខូចខាត ក្នុងរយៈពេលជាក់លាក់ណាមួយ។ គោលការណ៍ទាំងនេះ ការពារដល់ផលប្រយោជន៍របស់អតិថិជន និងបានជួយឱ្យក្រុមហ៊ុននេះកើនប្រជាប្រិយភាពយ៉ាងឆាប់រហ័ស នៅតំបន់មជ្ឈឹមបូព៌ា។

ចូលីឈីក បានបើកមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជននៅប្រទេសហ្សកដានី ។ មណ្ឌលនេះ មានបុគ្គលិកជាង៦០០នាក់ រួមមាន ដូចជាបុគ្គលិកផ្នែករដ្ឋបាល៥០នាក់ និងបុគ្គលិកផ្នែកសេវាអតិថិជនជាង៥០០នាក់ ហើយពួកគេសុទ្ធតែជាបុគ្គលិកក្នុងស្រុកទាំងអស់ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម