Connect with us

សូមប្រុងប្រយ័ត្ន! មិនត្រឹមតែកុមារទេ ដែលអាចកើតជម្ងឺគ្រុណឈាម សូម្បីតែមនុស្សដែលមាន វ័យរហូតដល់ ៤៥ឆ្នាំ ក៏អាចកើតជម្ងឺគ្រុណឈាមដែរ

ភ្នំពេញ ៖ គិតមកត្រឹមថ្ងៃនេះ ជំងឺគ្រុនឈាមកើតឡើងប្រមាណជាង ៥ពាន់ករណី នៅទូទាំងប្រទេសកម្ពុជា ។ ស្ថានភាពអ្នកកើតជម្ងឺគ្រុនឈាមនៅកម្ពុជា បានប្រែប្រួល ដោយសារតែចំនួនមនុស្សចាស់ ដែលកើតគ្រុនឈាម បានកើនឡើងរហូតដល់១០០ករណី ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងបញ្ជាក់ថាក្រសួងសុខាភិបាល បានកំពុងតាមដាន និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពប្រែប្រួល នៃជំងឺគ្រុនឈាមនេះ ។


លោក ក៏បានសូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ពិសេសត្រូវយកចិត្តទុកដាក់ កំចាត់ជំរកមូសខ្លា អោយអស់ពីក្នុងផ្ទះ ឬ បរិវេណជុំវិញផ្ទះ ។ លោក បានបញ្ជាក់ថា គ្រុនឈាមពេលនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្សរាប់ចាប់តាំងពីទារក រហូតដល់វ័យ៤៥ឆ្នាំ ។ខណៈដែលរយៈពេលកន្លងទៅ ជំងឺគ្រុនឈាមនៅកម្ពុជា បានកើតឡើងចំពោះតែកុមារដែលមានអាយុក្រោម១៥ឆ្នាំប៉ុណ្ណោះ ។ ក្រៅពីនេះ ពលរដ្ឋ អាចរាយការមកលេខ ១១៥ ដែលមិនគិតថ្លៃពីប្រព័ន្ទ ប្រសិនជាមានការសង្ស័យថា កូនចៅរបស់ខ្លួន កើតមានជម្ងឺគ្រុនឈាម ។


សូមបញ្ជាក់ថា ដោយសារឆ្នាំនេះ ជាវឌ្ឍន៏នៃជំងឺគ្រុនឈាម កាលពីដើមឆ្នាំ ក្រសួងសុខាភិបាល បានត្រៀមថ្នាំអាល់បែត ចំនួន ៣៥០តោន និង ថ្នាំសម្លាប់សត្វម៉ូស ជាង ៦០០០លីត្រ ដោយបានបែងចែកទៅខេត្តរាជធានី ដើម្បីត្រៀមឆ្លើយតបនៅពេលមានកើតឡើងនូវជម្ងឺគ្រុនឈាម ។

ក្រសួងសុខាភិបាល ក៏បានដាក់ចេញវិធានការ ចំនួន៥៖
១៖ ការណែនាំដល់ភ្នាក់ងារសុខាភិបាលផ្តល់សារអប់រំសុខភាព ដែលមានបិទបង្ហាញតាមគ្រឹះស្ថានសុខាភិបាល និង ប្រព័ន្ធផ្សព្វផ្សាយផ្សេង ដូចជាវេបសាយ វិទ្យុ ទូរទស្សន៍ កាសែត។
២៖ សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក។ល។
៣៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។
៤៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ៖ ដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។ល។
៥៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។ គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម