Connect with us

ទ្រនំត្រយ៉ងចង្កំកសធំជាងគេបំផុតលើពិភពលោក មានទីតាំងនៅកម្ពុជា

ពិតជាទីតាំងដ៏កម្រណាស់!

ស្ទឹងត្រែង៖ ទួលបុស្សភ្ញៀវ គឺជាទ្រនំសត្វត្រយ៉ងចង្កំកស ដ៏ធំជាងគេបំផុត នៅលើពិភពលោក ដែលជាប្រភេទជិតផុតពូជបំផុត (IUCN Red List)។ វាជាទ្រនំ និងជាទីជម្រកដែលសំបូរប្រភពចំណីនៅរដូវវស្សា បាននិងកំពុងទ្រទ្រង់សត្វប្រភេទនេះដល់ទៅជាង ៤០% នៃចំនួនសរុបមាននៅក្នុងពិភពលោក។ នេះជាការបញ្ជាក់ពីអង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជា (BirdLife International Cambodia Programme) ។

ទួលបុស្សភ្ញៀវ ស្ថិតក្រៅតំបន់ការពារ ក្នុងទីតាំងព្រៃរិចរិល ដែលមានដើមឈើងាប់ជាច្រើន ជាប់ជាមួយវាលស្រែបោះបង់ចោល និងជាវាលស្មៅសើម ចម្ងាយប្រហែល ៦គីឡូម៉េត្រ ខាងត្បូងដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងខែកក្កដានេះ ត្រយ៉ងចង្កំកសចំនួន ២៥៣ក្បាល ក្នុងចំនោម ៣១២ក្បាលនៃដែនជម្រកសៀមប៉ាង កំពុងប្រើប្រាស់ទ្រនំទួលបុស្សភ្ញៀវនេះ។

ក្រៅពីត្រយងចង្កំកស ទីតាំងនេះ ក៏កំពុងទ្រទ្រង់ដល់ប្រភេទសត្វរងការគំរាមកំហែង ជាសកលផ្សេងទៀតដូចជា ត្រយ៉ងយក្ស ត្រដក់តូច និងកុកពាក់ អំបោះជាដើម។ បច្ចុប្បន្ន តំបន់នេះកំពុងរងការគំរាមកំហែងតាម រយៈការបរបាញ់ ការទន្ទ្រានដី និងការរំខានពីមនុស្សអាស្រ័យ ដោយទីតាំងស្ថិតនៅក្រៅតំបន់ការពារ។

អាស្រ័យដោយភាពពិសេសគ្មានពីរនៃទីតាំងនេះ អង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជា បានអំពាវនាវដល់សហគមន៍មូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រសួងបរិស្ថាន មេត្តាគាំទ្រដល់សំណើរ ក្នុងការរៀបចំតំបន់ដ៍តូចនេះ ជាតំបន់ការពារថា្នក់ខេត្ត និងចូលរួមការពារទីជម្រកនេះកុំឱ្យបាត់បង់៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម