Connect with us

ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ

ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ

ស្រីៗពពោះមួយចំនួន មិនទាន់គ្រប់ខែផង បែរជាឈឺពោះសម្រាលកូនមុនកំណត់ ដែលករណីខ្លះបង្កគ្រោះថ្នាក់ទាំងម្តាយទាំងកូន។

តើមានមូលហេតុអីខ្លះ ជំរុញឲ្យម៉ាក់ៗសម្រាលកូនមុនកំណត់? តើត្រូវធ្វើបែបណាដើម្បីបង្ការមិនឲ្យសម្រាលមិនគ្រប់ខែ?
១- មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ
ស្រីៗដែលសម្រាលកូនមុន ៣៧ សប្តាហ៍ នៃការពពោះ ចាត់ទុកថា ជាការសម្រាលកូនមិនគ្រប់ខែ នេះបើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។ កត្តាដែលជំរុញឲ្យម៉ាក់ៗសម្រាលកូនមុនកំណត់ មានដូចជា៖
– រលាកមាត់ស្បូន ឬមានបង្ករោគនៅទ្វារមាស
– ជក់បារី ឬផឹកស្រា
– លើស ឬស្រកទម្ងន់ខ្លាំងពេលពពោះ
– មានផ្ទៃពោះកូនភ្លោះ
– ទឹកភ្លោះច្រើន
– មានផ្ទៃពោះញឹកពេក
– មានប្រវត្តិកើតកូនមិនគ្រប់ខែ
– ប្រើថ្នាំផ្តេសផ្តាស ដោយគ្មានវេជ្ជបញ្ជា
– ស្ត្រេស
– ធ្វើការធ្ងន់ៗ និងឧស្សាហ៍ធ្វើដំណើរផ្លូវឆ្ងាយ។
២- សញ្ញានៃការសម្រាលកូនមិនគ្រប់ខែ
សញ្ញានៃការសម្រាលកូនមិនគ្រប់ខែ ដូចគ្នានឹងការឈឺពោះសម្រាលកូនគ្រប់ខែដែរ ដោយស្តែងលេចចេញនូវសញ្ញាមួយចំនួនខាងក្រោមនេះ។
– ចុករួយចង្កេះ
– ណែនធ្ងន់នៅក្រោមពោះ
– ស្បូនកន្ត្រាក់
– ធ្លាក់ទឹករម្អិលរាវៗ ជួនកាលមានលាយឈាមតិចៗ។
៣- ផលប៉ះពាល់នៃការសម្រាលកូនមិនគ្រប់ខែ
សម្រាលកូនមិនគ្រប់ខែ ម៉ាក់អាចជួបបញ្ហាមួយចំនួនដូចជា អាចប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែពេលពពោះក្រោយៗទៀត ឬមានបញ្ហាផ្លូវចិត្តជាដើម។ ឯកូនវិញមានផលប៉ះពាល់ច្រើនណាស់ អាចកូនកើតមកស្លាប់ សុខភាពកូនខ្សោយ មានបញ្ហាផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ និងខួរក្បាលជាដើម។
៤- វិធីបង្ការមិនឲ្យសម្រាលកូនមុនខែ
– ពិនិត្យ តាមដានផ្ទៃពោះឲ្យបានទៀងទាត់
– កុំធ្វើការងារធ្ងន់ និងហួសកម្លាំង
– កុំធ្វើដំណើរផ្លូវឆ្ងាយពេលមានផ្ទៃពោះ
– ពុំគួរមានកូនច្រើន និងញឹកញាប់ពេក
– ចៀសវាងការរំលូតកូនដោយខ្លួនឯង ឬជាមួយគ្រូពេទ្យគ្មានជំនាញ៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម