Connect with us

សិង្ហបុរី រកឃើញថ្នាំព្យាបាលមហារីក អាចជំនួសការប្រើថ្នាំគីមី ដែលប៉ះពាល់ខ្លាំង

សិង្ហបុរី រកឃើញថ្នាំព្យាបាលមហារីក អាចជំនួសការប្រើថ្នាំគីមី ដែលប៉ះពាល់ខ្លាំង

បច្ចុប្បន្ននេះ ការព្យាបាលជំងឺមហារីក ធ្វើឡើងតាមរយៈការវះកាត់ ថ្នាំគីមី ឬវិទ្យុសកម្ម ដែលវាជួយរារាំង និងកម្ចាត់កោសិកាដុំសាច់មហារីកក៏ពិតមែន តែវាក៏ប៉ះពាល់ដល់កោសិកាផ្សេងៗទៀតផងដែរ។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវរកមធ្យោបាយព្យាបាលផ្សេងៗទៀត ដែលមានប្រសិទ្ធភាពជាងមុន ហើយប៉ះពាល់តិចជាងមុន។

អ្នកវិទ្យាសាស្ត្រសិង្ហបុរី បានបង្កើតថ្នាំ PRL3-zumab ជាប្រភេទអង់ទីករក្នុងខ្លួនមនុស្ស។ ថ្នាំនេះ មានមុខងារកម្ចាត់ប្រូតេអ៊ីន PRL-3 ជាអង់ទីហ្សែនដុំសាច់ ដែលជំរុញឲ្យជំងឺមហារីកកើនឡើង ហើយត្រូវរកឃើញ ៨០% ក្នុងជំងឺមហារីក ១១ប្រភេទ។ ការព្យាបាលដោយប្រើថ្នាំ PRL3-zumab មិនសម្លាប់កោសិកាល្អៗ ដែលនៅជុំវិញប្រូតេអ៊ីនបង្កជំងឺមហារីក PRL-3 នោះទេ។
សាស្ត្រាចារ្យ Qi Zeng មកពីវិទ្យាស្ថានជីវវិទ្យាមូលេគុល និងកោសិការបស់សិង្ហបុរី (IMCB) និងជាអ្នកដឹកនាំការសិក្សា បញ្ជាក់ថា ថ្នាំ PRL3-zumab បង្ហាញពីមធ្យោបាយព្យាបាលបែបថ្មី និងមានការរារាំង លើជំងឺមហារីក ដោយវាបានទៅកម្ចាត់កោសិកាមហារីក និងមានផលប៉ះពាល់តិច ប្រៀបធៀបនឹងមធ្យោបាយព្យាបាលពីមុន។
មធ្យោបាយព្យាបាលពីមុន មានការប្រើថ្នាំគីមី ត្បិតតែវាបានទៅកម្ចាត់កោសិកាមហារីកយ៉ាងលឿនមែន តែវាក៏សម្លាប់កោសិកាល្អៗផងដែរ ដូចជា កោសិកាស្បែក សក់ ពោះវៀន និងខួរឆ្អឹងខ្នងជាដើម។
ក្រុមស្រាវជ្រាវរបស់វិទ្យាស្ថាន IMCB បានតេស្ដសាកល្បងថ្នាំនេះ ជំហានទី១ លើសត្វជាច្រើន ហើយរកឃើញថា អង់ទីករសត្វកណ្ដុរ អាចរារាំងការកើនឡើងដុំសាច់ ដែលមាននៅក្នុងមហារីកក្រពះ ថ្លើម សួត អូវ៉ែ សុដន់ គ្រាប់ឈាម និងតម្រងនោម។ ក្រុមស្រាវជ្រាវនេះ ក៏បានតេស្ដសាកល្បងថ្នាំ PRL3-zumab លើគំរូដុំសាច់របស់មនុស្ស ចាប់តាំងពីឆ្នាំ២០១២ ហើយលទ្ធផលបង្ហាញថា អង់ទីករ អាចប្រើប្រឆាំងនឹងមហារីកថ្លើម សួត ក្រពះ សុដន់ ពោះវៀន និងតម្រងនោម។
នៅឆ្នាំ២០១៨ ថ្នាំ PRL3-zumab បានឆ្លងកាត់ការតេស្ដនៅមន្ទីរពិសោធន៍សម្រាប់ជំហានទី១ នៅវិទ្យាស្ថានមហារីកសាកលវិទ្យាល័យជាតិសិង្ហបុរី ដោយជោគជ័យ ហើយការតេស្តសាកល្បងជំហានទី២ នឹងធ្វើឡើងឆាប់ៗ ដើម្បីពិនិត្យពីប្រសិទ្ធភាពនៃការព្យាបាល៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម