Connect with us

កុំភ្លេចត្រៀមដាក់ពាក្យ សម្រាប់អ្នកមិនទាន់មានការងារធ្វើ ខណៈក្រុមហ៊ុន ចំនួន១០ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ប្រកាសជ្រើសរើសបុគ្គលិកជាង ១៥០០កន្លែង

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA) នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានក្រុមហ៊ុន EZECOM ក្រុមហ៊ុន Wattanac Investment ក្រុមហ៊ុន Online ក្រុមហ៊ុន GFG ក្រុមហ៊ុន ASIA វេលុយ ក្រុមហ៊ុន CCE ក្រុមហ៊ុន Turbotech ក្រុមហ៊ុន Chipmong Group ក្រុមហ៊ុន ISI និងក្រុមហ៊ុន DDD ដោយមានតម្រូវការបុគ្គលិកចំនួន ១៥៩៤នាក់។


វេទិកាការងារនេះធ្វើឡើងចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាសការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយ តាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ ។


លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈបានឲ្យដឹងថា ការរៀបចំវេទិការនេះឡើង គឺក្នុងគោលបំណង ផ្តល់ឳកាសដល់និយោជក និងអ្នកស្វែងរកការងារធ្វើ មានភាពងាយស្រួលក្នុងការជួបគ្នា។ ទោះជាយ៉ាងណា លោកក៏បានអំពាវនាវឲ្យសិស្សនិស្សិត និងអ្នកស្វែងរកការងារ គួរតែរៀបចំ ខ្លួនឲ្យបានសមរម្យ រៀបចំ CV ឲ្យបានត្រឹមត្រូវ និងសិក្សាស្វែងយល់ពីក្រុមហ៊ុនដែលខ្លួនមានបំណងចង់ដាក់ពាក្យធ្វើការងារឲ្យបានច្បាស់លាស់ជាមុនសិន នោះពួកគេអាចនឹងមានឳកាសជាប់ច្រើន ក្នុងពេលធ្វើបទសម្ភាសជាមួយក្រុមហ៊ុន។


សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារអ្វីដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សូមជម្រាបថា ក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន ៤២ដង៕

 

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម