Connect with us

ប៉េស្ដជ្រូកមិនទាន់ស្ងាត់ផង ឥឡូវផ្ដាសាយបក្សីងើបមកអុកឡុកវៀតណាមទៀត

ប៉េស្ដជ្រូកមិនទាន់ស្ងាត់ផង ឥឡូវផ្ដាសាយបក្សីងើបមកអុកឡុកវៀតណាមទៀត

នៅឆ្នាំ២០១៩ វៀតណាម បានផ្ទុះជំងឺប៉េស្ដជ្រូក សឹងពេញផ្ទៃប្រទេស ដោយបានសម្លាប់សត្វជ្រូក លើស ២លានក្បាល និងខាតបង់ប្រាក់ ប្រមាណ ១៥៤លានដុល្លារ។ ប៉េស្ដជ្រូក មិនដោះស្រាយចប់ផងដែរ ពេលនេះ វៀតណាម ផ្ទុះជំងឺផ្ដាសាយបក្សីមួយទៀតហើយ។

ជំងឺផ្ដាសាយបក្សីនេះ ត្រូវរកឃើញនៅខេត្ត Ba Ria-Vung Tau ហើយសត្វមាន់ ១០.៥០០ក្បាល ដែលឆ្លងមេរោគ H5N6 ត្រូវបានសម្លាប់ចោល ដោយកប់ និងដុត ដើម្បីបង្ការការរាលដាលនៃជំងឺនេះបន្ដទៀត។ វីរុស H5N1 ត្រូវបានរកឃើញនៅកសិដ្ឋានមួយ ក្នុងស្រុក Xuyen Moc កាលពីសប្ដាហ៍មុន លើហ្វូងមាន់ ៩ពាន់ក្បាល។ បន្ទាប់មក សត្វមាន់ ១.៥០០ក្បាល នៅកសិដ្ឋានមួយទៀត ក្នុងស្រុកដដែលនេះ ក៏រកឃើញថា មានផ្ទុកវីរុស H5N6 ផងដែរ។
មុនពេលរកឃើញវីរុស H5N6 ម្ចាស់កសិដ្ឋាន ក៏បានលក់សាច់មាន់ ប្រមាណ ២-៣ពាន់ក្បាលផងដែរ ប៉ុន្ដែពុំទាន់មានសេចក្តីរាយការណ៍ពីការឆ្លងជំងឺផ្ដាសាយបក្សី លើមនុស្ស នៅស្រុក Xuyen Moc ខេត្ត Ba Ria-Vung Tau នោះទេ។
ក្រៅពីសម្លាប់សត្វមាន់ មន្រ្តីបសុពេទ្យវៀតណាម ក៏បានបាចម្សៅសម្លាប់មេរោគ និងគ្រោងរៀបចំវ៉ាក់សាំង ២៣ម៉ឺនដុស សម្រាប់កសិដ្ឋាននៅក្នុងតំបន់នោះ រួមជាមួយការរឹតបន្តឹងការទិញ លក់ និងដឹកជញ្ជូនសត្វបក្សីផងដែរ។ នៅក្នុង ខេត្ត Ba Ria-Vung Tau មានសត្វបក្សីសរុប ប្រមាណ ៥លានក្បាល។
នៅឆ្នាំ២០១៩នេះ ផ្ដាសាយបក្សី បានផ្ទុះឡើងដំបូង នៅខេត្ត Quang Nam បន្ទាប់មកខេត្ត Lang Son និងខេត្ត Thai Binh ដោយសត្វមាន់ និងទា ៧ពាន់ក្បាល ត្រូវបានសម្លាប់។ គួបញ្ជាក់ថា ជំងឺនេះ បានឆក់យកជីវិតពលរដ្ឋវៀតណាម ៦៥នាក់ ចាប់តាំងពីឆ្នាំ២០០៣ មក៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម