សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយការសងបំណុលដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យធនាគារជាតិនៃកម្ពុជា រួមជា មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយសម្របសម្រួលជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកទាំងឡាយ ដើម្បីផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ក្នុងការបន្ធូបន្ថយរយៈពេលនៃការសងបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។
ជាមួយគ្នានេះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានផ្ដល់កម្ចី មិនត្រូវរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ឡើយ ប៉ុន្តែផ្ទុយទៅវិញត្រូវមាន ការយោគយល់ អធ្យាស្រ័យដល់ពួកគាត់។
ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនីជាង ១៧០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១២ នៅក្នុងខេត្តកណ្តាល កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពេលនេះប្រជាជនជាច្រើនកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយដំណាំកសិកម្មរបស់ពួកគាត់ជាច្រើនត្រូវបានបំផ្លាញ ដូច្នេះ ប្រសិនបើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានការយោគយល់ ពន្យាពេលសង ឬមិនយក ការប្រាក់ក្នុងរយៈពេលណាមួយ ព្រមទាំងមិនត្រូវរឹបអូសទ្រព្យសម្បត្តិពួកគាត់ឡើយ ហើយវានឹងជួយកាត់បន្ថយការលំបាករបស់ពួកគាត់មួយកម្រិតផងដែរ។
តែយ៉ាងណាកក៏ដោយ សម្តេចតេជោ បានលើកឡើងថា ការអនុគ្រោះនោះត្រូវពិនិត្យមើលស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ផលដំណាំកសិកម្មរបស់ពួកគាត់ដែរ ថាតើក្នុងកម្រិតណា ត្រូវមានការយោគយល់ និងមិនត្រូវយោគយល់នោះ។
ជុំវិញការអំពាវនាវនេះ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានឲ្យដឹងថា គ្រឹះស្ថានរបស់លោកតែងតែមានការយោគយល់ចំពោះអថិជនដែលជួបគ្រាះទឹកជំ នន់ ក៏ដូចជា គ្រោះធម្មជាតិផ្សេងៗទៀត ទៅតាមស្ថានភាពជាក់ស្តែងដែលពួកគេរងផលប៉ះពាល់។
លោកបានបញ្ជាក់ថា ថ្វីត្បិតតែប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនឆ្នាំនេះបានជួបគ្រោះទឹកជំនន់ក៏ពិតមែន ប៉ុន្តែវាមិនបានបង្កផលប៉ះពាល់ដល់ការសងបំណុលរបស់អតិថិជនគ្រឹះ ស្ថានរបស់លោកនោះទេ ដោយហេតុផលថា ចំពោះប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ជាទូទៅតែងតែជួបបញ្ហាទឹកជំនន់នេះ ហើយផ្ទុយទៅវិញផលដំណាំរបស់ពួកគាត់កាន់តែលូត លាស់ល្អ ក្រោយពេលទឹកទន្លេស្រកទៅវិញ ដោយសារវាបាននាំយកនូវដីល្បាប់មានជីវជាតិដែលអនុគ្រោះដល់ដំណាំកសិកម្ម។
ម៉្យាងវិញទៀតលោកថា ប្រជាពលរដ្ឋឥឡូវ ពួកគាត់មិនពឹងផ្អែកតែលើមុខរបរកសិកម្មមួយមុខនោះទេ ពោលគឺពួកគាត់មានមុខរបររួមផ្សំផ្សេងទៀត ដូចជា ការលក់ដូរ ការចិញ្ចឹមសត្វ និង ធ្វើការរោងចក្រជាដើម។
តាមលោក ជា ផល្លារិន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅឆ្នាំនេះ ការឥណទានសម្រាប់វិស័យកសិកម្មបានរួមចំណែកប្រមាណ ៣០ភាគរយ ឬស្មើនឹង ២៥០លានដុល្លារអាមេរិក នៃទំហំឥ ណទានសរុប៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍