Connect with us

ក្រាលកន្ទេល ចងអង្រឹង ផឹកស៊ី នៅជុំវិញប្រាសាទអង្គរវត្ត ត្រូវបានហាមឃាត់

ក្នុងនាមប្រជាពលរដ្ឋ សូមគាំទ្រពេញទំហឹងចំពោះចំណាត់ការនេះ!

សៀមរាប៖ ការក្រាលកន្ទេល ចង/ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិន្ធុប្រាសាទអង្គរវត្ត នឹងត្រូវហាមឃាត់ ហើយបើអាជីវករ និងភ្ញៀវ ដែលមកលេងកម្សាន្ត នៅតែបន្តធ្វើសកម្មភាពទាំងនេះ នឹងត្រូវអាជ្ញាធររឹបអូសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវខូចខាតណាមួយឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

អាជ្ញាធរ បានសម្រេចទុកពេលឱ្យ ៤៥ថ្ងៃ គិតពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឱ្យអាជីវករ និងភ្ញៀវទេសចរ បញ្ឈប់សកម្មភាពក្រាលកន្ទេល ចង/ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅជុំវិញប្រតាំងសេស មុខប្រាសាទព្រហ្មកិល និងលើទីវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត។

សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា មានគោលបំណងដើម្បីលើកកម្ពស់តម្លៃនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ ហើយធ្វើឡើងបន្ទាប់ពីអាជីវករ និងភ្ញៀវទេសចរមួយចំនួន មិនបញ្ឈប់សកម្មភាពទាំងនេះទេ ដោយយកតែប្រយោជន៍បុគ្គលប៉ុណ្ណោះ។

សេចក្ដីជូនដំណឹងនេះដែរ បានចេញក្រោយពីអាជ្ញាធរជាតិអប្សរា កាលពីខែមុន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរ តាមរយៈការមិនពិសារអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅ និងមិនបោះចោលសំរាមផ្ដេសផ្ដាស៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com