Connect with us

ស្វែងយល់ពីបញ្ហាប្រឈមធំ២ ដែលធ្វើអោយកម្ពុជា និង ថៃ នឹងមិនអាចឆ្ពោះទៅសម្រេចការបង្កើនទំហំពាណិជ្ជកម្មអោយបានដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ ២០២០

ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម បារម្ភថា ទិសដៅបង្កើនទំហំពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានប្តេជ្ញាថាជំរុញឲ្យកើនដល់ ១៥ពាន់លានដុល្លារនៅឆ្នាំ ២០២០ នឹងមិនអាចសម្រេចទៅតាមការគ្រោងទុកឡើយ ខណៈដែលការដឹកជញ្ជូនទំនិញចេញចូលរបស់កម្ពុជាឆ្លងកាត់ព្រំដែនថៃនៅតែប្រឈមបញ្ហា ក្នុងនោះ រួមបញ្ចូលទាំងផលិតផលកសិកម្មផងដែរ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ គឺបានដាក់ចេញនូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១៥ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២០។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យសម្រេចទៅតាមទិសដៅកំណត់ កម្ពុជា បានស្នើឲ្យភាគីថៃពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើទំនិញឆ្លងកាត់ព្រំដែន និង ជម្រុញឱ្យចុះហត្ថលេខាលើ អនុស្សារណៈ ដើម្បីឱ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក។


បន្ថែមពីលើនេះ កម្ពុជា ក៏បានស្នើបន្ថែមកូតាអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ ៥០០ ជាដំណាក់កាល និងសម្របសម្រួលនីតិវិធីក្នុងការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃ ចៀសវាងការដាក់ចេញនូវឧបសគ្គនានា ដែលធ្វើឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅពាណិជ្ជកម្មដែលបានកំណត់។
ឯកឧត្តម លើកឡើងទៀតថា កម្ពុជា បារម្ភចំពោះការកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មនេះ ហើយវាអាចនឹងមិនសម្រេចតាមការគ្រោងទុក ប្រសិនបើភាគីទាំងពីរមិនអាចដោះស្រាយបញ្ហាទាំងនេះ បានទាន់ពេលវេលាទេនោះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្ថែមថា កន្លងមកក្រសួងពាណិជ្ជកម្មបានពិភាក្សាច្រើនលើកច្រើនសារហើយជាមួយភាគីថៃ ដើម្បីឲ្យពួកគេបង្កើនការទិញទំនិញពីកម្ពុជាឲ្យបានច្រើន ជាពិសេសផលិតផលកសិកម្ម ដោយមិនកំណត់កូតា ព្រមទាំងមិនបង្កភាពស្មុគស្មាញក្នុងការនាំចេញនូវគ្រប់រដូវប្រមូលផលកសិកម្ម។


គួរបញ្ជាក់ថា កម្ពុជា និងថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចការនេះបានជួយសម្រួលក្នុងការវិយោគ និងធ្វើពាណិជ្ជកម្ម ដោយមិនតម្រូវឱ្យបង់ពន្ធនៅប្រទេសថៃទៀតទេ ។ ជាមួយគ្នានេះ ក៏មានកសាងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់តាមព្រំដែន ការតម្លើងថ្នាក់ព្រំដែន រួមនឹងការចុះហត្ថលេខាលើអនុស្សារណៈ ជាច្រើន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
តាមទិន្នន័យ នៃការនាំចេញទំនិញពីថៃមកកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នំា២០១៨នេះ គិតជាទឹកប្រាក់មានចំនួន ២១៣៣លានដុល្លារ កើនឡើងជាង ២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០១៧។ ក្នុងនោះកម្ពុជានាំទំនិញ ទៅលក់នៅថៃវិញ មានទឹកប្រាក់ចំនួន ៣៤១លានដុល្លារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម