Connect with us

ពិតជាអស្ចារ្យ! ប្រសិនបើអ្នកមានទេពកោសល្យ គឺអាចដាក់ពាក្យសុំទិដ្ឋការពិសេស ទៅធ្វើការនៅទីក្រុងសៀងហៃ ប្រទេសចិន បានយ៉ាងងាយ

សៀងហៃ ៖ ទិដ្ឋការសម្រាប់អ្នកមានទេពកោសល្យ ជាទិដ្ឋការពិសេសសម្រាប់ធ្វើការ ដែលសាលាក្រុងសៀងហៃ បានដាក់ចេញតាំងពីដើមឆ្នាំនេះ កំពុងទាក់ទាញនិស្សិតបរទេសដែលបានបញ្ចប់ការសិក្សាកាន់តែច្រើននាក់ ឱ្យមកធ្វើការនៅទីក្រុងសៀងហៃ ។

កាលពីមុន បុគ្គលិកជនជាតិបរទេស ត្រូវមានបទពិសោធន៍ការងារ២ឆ្នាំជាមុនសិន ទើបអាចដាក់ពាក្យស្នើសុំទិដ្ឋការសម្រាប់ធ្វើការបាន។ តែសព្វថ្ងៃ និស្សិតបរទេសដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសចិន អាចដាក់ពាក្យសុំទិដ្ឋការសម្រាប់អ្នកមានទេពកោសល្យដោយផ្ទាល់បាន និង អាចទទួលការអនុញ្ញាតសម្រាប់ធ្វើការបាន ។

អ្នកនាង ឡាធីកា ចាន់ដ្រា មូលី បានរៀនចប់ពីសាកលវិទ្យាល័យញូយ៉កសាខាសៀងហៃ កាលពីឆ្នាំមុន ។ គាត់បានទទួលការងារ នៅក្រុមហ៊ុនប្លក់ឆេន (block-chain) មួយក្នុងទីក្រុងសៀងហៃ ហើយភ្លាមៗក៏បានទទួលលិខិតអនុញ្ញាតឱ្យធ្វើការ ដោយសារតែគោលការណ៍នៃទិដ្ឋការសម្រាប់អ្នកមានទេពកោសល្យនេះ ។

អ្នកនាង ឡាធីកា ចាន់ដ្រា មូលី អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍអាជីវកម្ម ក្រុមហ៊ុន Energo Labs បាននិយាយថា ទីក្រុងសៀងហៃ គឺជាទីក្រុងដែលអភិវឌ្ឍផ្នែកបច្ចេកវិទ្យាខ្លាំងណាស់។ ទីនេះមានការស្រាវជ្រាវជាច្រើន ហើយក៏មានក្រុមហ៊ុនថ្មីៗ ឬ បច្ចេកវិទ្យាថ្មីៗ កកើតឡើងជារៀងរាល់ថ្ងៃដែរ ។ សម្រាប់អ្នកដែលធ្វើការផ្នែកវិស្វកម្ម ទីក្រុងសៀងហៃ គឺពិតជាកន្លែងធ្វើការដែលគួរឱ្យរំភើបមែន។

និស្សិត១០នាក់ទៀត ដែលបានរៀនចប់ពីសាកលវិទ្យាល័យដដែលនេះ ក៏បានមកធ្វើការនៅទីក្រុងសៀងហៃ ផងដែរ ក្រោយពីរៀនចប់កាលពីឆ្នាំ២០១៧ ។

លោក យូ លីចុង នាយកសាកលវិទ្យាល័យញូយ៉ក សាខាសៀងហៃ បានលើកឡើងថា ក្នុងសម័យសកលភាវូបនីយកម្មនេះ គឺសំបូរលំហូរធនធានមនុស្សដែលមានទេពកោសល្យ ណាស់។ តែនៅតាមប្រទេសជាច្រើនដែលមិនសូវបើកទូលាយ គេមិនងាយទទួលបានសិទ្ធិធ្វើការនោះទេ ។ ទីក្រុងសៀងហៃ គឺជាទីក្រុងដំបូងគេបង្អស់នៅប្រទេសចិន ដែលផ្តល់សិទ្ធិធ្វើការដល់និស្សិតដែលបានរៀនចប់ ដោយមិនតម្រូវឱ្យមានបទពិសោធន៍ការងារជាមុន។

លើសពីនេះ តំបន់ពាណិជ្ជកម្មសេរីសៀងហៃ ក៏បានដាក់ចេញវិធានការអន្តោរប្រវេសន៍ថ្មីៗមួយចំនួន ដើម្បីទាក់ទាញធនធានមនុស្សដែលមានទេពកោសល្យមកពីបរទេសបន្ថែមទៀត។ វិធានការទាំងនេះ អនុញ្ញាតឱ្យ “អ្នកមានទេពកោសល្យអន្តរជាតិ” ស្រួលក្នុងការដាក់ពាក្យសុំសិទ្ធិធ្វើការ និង កាតបៃតងផងដែរ ។

លោក ឆាយ ប៉ាវទិ នាយកការិយាល័យរដ្ឋបាលចេញចូល នៃការិយាល័យសន្តិសុខសាធារណៈសៀងហៃ បញ្ជាក់ថា ស្តង់ដាគោលនយោបាយដែលពាក់ព័ន្ធ គឺនៅតែខ្ពស់សម្រាប់អ្នកមានទេពកោសល្យជាជនជាតិបរទេស ដោយសារតែក្រុងសៀងហៃ ត្រូវការជាបន្ទាន់នូវអ្នកធ្វើការដែលមានជំនាញលំដាប់ខ្ពស់មួយចំនួន ។ ប៉ុន្តែគោលនយោបាយនេះ ក៏គ្របដណ្តប់លើអ្នកមានទេពកោសល្យបរទេសច្រើនជាងមុនដែរ។ ក្នុងនោះ តម្រូវការមួយចំនួន ដូចជាតម្រូវការសម្រាប់ការដាក់ពាក្យសុំសិទ្ធិជ្រកកោណជាអចិន្ត្រៃយ៍ ក៏ត្រូវបានបន្ធូរបន្ថយ។

កាលពីមុន មានតែបុគ្គលិកដែលមានឋានៈជានាយក ឬ បុគ្គលិកអាជីពដែលបានទទួលពានរង្វាន់ប៉ុណ្ណោះ ដែលមានសិទ្ធស្របច្បាប់ដើម្បីទទួលបានកាតបៃតង។ តែឥឡូវ អ្នកមានទេពកោសល្យខ្លះទៀត ដែលទីផ្សារបានធ្វើតេស្តរួចហើយនោះ ក៏មានលក្ខណៈគ្រប់គ្រាន់ដើម្បីដាក់ពាក្យសុំកាតបៃតងបានដែរ៕     

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម