Connect with us

មកស្វែងយល់ពីកម្មវិធីអាហារូបករណ៍មួយចំនួន ដែលនិស្សិតកម្ពុជា អាចដាក់ពាក្យ ដើម្បីបានទៅសិក្សារៀនសូត្រ នៅតាមសាកលវិទ្យាល័យ ក្នុងសហភាពអ៊ឺរ៉ុប

ភ្នំពេញ ៖ Erasmus+ គឺជាកម្មវិធីរបស់សហភាពអឺរ៉ុប ដែលផ្ដល់ការគាំទ្រដល់គម្រោងនានា រួមមាន ភាពជាដៃគូ ព្រឹត្តិការណ៍ និង ការសិក្សាចល័ត ក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាល យុវជន និង កីឡា។ នៅក្នុងរយៈពេលជាង ៣០ ឆ្នាំ ចុងក្រោយនេះ កម្មវិធី ErasmusPlus បានផ្ដល់ឲ្យសិស្សនិស្សិត ចំនួន ៩ លាននាក់នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ នូវឱកាសសិក្សារៀនសូត្រ បណ្ដុះបណ្ដាល ឬ ទទួលបានពិសោធន៍នៅក្រៅប្រទេស។
ចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៧ កម្មវិធី Erasmus+ និង Erasmus Mundus ដែលទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុប បានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជាជាង ៧០០ នាក់ ឱ្យធ្វើការសិក្សា ឬ ធ្វើបាឋកថានៅអឺរ៉ុប។


នៅឆ្នាំ២០១៨នេះ ក្រោមកម្មវិធីផ្លាស់ប្ដូរក្រេឌីត (ការសិក្សាចល័ត) Erasmus+ សហភាពអឺរ៉ុប បានឧបត្ថម្ភថវិកាដល់និស្សិត និង បុគ្គលិកសិក្សាកម្ពុជាចំនួន ៨១ នាក់ ឱ្យទៅសិក្សា និង បង្រៀន ចាប់ពីរយៈពេល ៥ ថ្ងៃ រហូតដល់ ១២ ខែ នៅតាមសាកលវិទ្យាល័យនាំមុខគេនានា នៅអឺរ៉ុប ដូចជាក្នុងប្រទេសប៊ែលហ្ស៊ិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី លូស៊ីអានី ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី អេស្ប៉ាញ និង ស៊ុយអ៊ែត។
អ្វីទៅជាកម្មវិធី Erasmus+?
កម្មវិធី Erasmus+ គឺជាកម្មវិធីរបស់សហភាពអឺរ៉ុប ផ្ដោតលើការអប់រំ ការបណ្ដុះបណ្ដាល យុវជន និងកីឡា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០។ កម្មវិធី Erasmus+ ផ្ដល់ថវិកាគាំទ្រដល់គម្រោងផ្លាស់ប្ដូរបទពិសោធន៍សិក្សា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាមួយនឹងដៃគូមកពី “ប្រទេសដែលចូលរួមក្នុងកម្មវិធី” និង “ប្រទេសដៃគូ” ទូទាំងពិភពលោក។ ប្រទេសដែលចូលរួមក្នុងកម្មវិធីចំនួន ៣៣ រួមមាន រដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន ២៨ បូកនឹងប្រទេសអឺរ៉ុបចំនួន ៥ ផ្សេងទៀត។ កម្មវិធី Erasmus+ ផ្ដល់ការគាំទ្រដល់សកម្មភាព ដែលមានទិសដៅស្របគ្នាជាមួយនឹងអាទិភាពនៃគោលនយោបាយសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ជាមួយប្រទេស និងតំបន់ជាដៃគូ។ តាមរយៈការអនុវត្តកម្មវិធីនេះ រយៈពេល ៣ ឆ្នាំ គេសង្កេតឃើញថា គំនិតផ្ដួចផ្ដើមនេះមានភាពពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមប្រទេសមកពីតំបន់នេះ ។


កម្មវិធីផ្ទេរក្រេឌីតអន្តរជាតិ (International Credit Mobility – ICM)
ក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ និស្សិត និងបុគ្គលិកបានផ្លាស់ពីសាកលវិទ្យាល័យមួយទៅសាកលវិទ្យាល័យមួយទៀតនៅអឺរ៉ុប ក្នុង Erasmus។ ចាប់តាំងពីឆ្នាំ ២០១៥ កម្មវិធី Erasmus+ ក៏ផ្ដល់លទ្ធភាពឱ្យនិស្សិត អ្នកសិក្សាស្រាវជ្រាវ និងបុគ្គលិកផ្លាស់ពីបណ្ដាប្រទេសផ្សេងទៀតក្នុងពិភពលោក ក្នុងរយៈពេលខ្លីទៅអឺរ៉ុបផងដែរ។ ការផ្ទេរក្រេឌីតជាលក្ខណៈទ្វេរទិសបែបនេះ ផ្ដល់លទ្ធភាពឱ្យនិស្សិតអាចធ្វើការសិក្សាក្នុងសាកលវិទ្យាល័យបរទេសរយៈពេល ៣ ទៅ ១២ ខែ និងទទួលបានក្រេឌីត ដែលមានការទទួលស្គាល់នៅគ្រឹះស្ថាន ដែលបញ្ចូនពួកគេ ជាផ្នែកមួយនៃសញ្ញាបត្ររបស់ពួកគេ។ រយៈពេលដែលអនុញ្ញាតឱ្យបាន សម្រាប់ការផ្លាស់ទៅរបស់បុគ្គលិក គឺពី ៥-៦០ ថ្ងៃ។


កម្មវិធីសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់រួមនៃកម្មវិធី Erasmus Mundus
កម្មវិធីសញ្ញាបត្រជាន់ខ្ពស់រួម Erasmus Mundus (EMJMDs) ផ្ដល់អាហារូបករណ៍ដែលទទួលបានថវិកាពីសហភាពអឺរ៉ុបដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មកពីគ្រប់ទិសទីក្នុងពិភពលោក ដោយរ៉ាប់រងលើថ្លៃសិក្សា ថ្លៃធ្វើដំណើរ និង ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ។ កម្មវិធីនេះ មាន រយៈពេលមួយឆ្នាំទៅពីរឆ្នាំ ដែលក្នុងនោះ និស្សិតត្រូវសិក្សាក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនពីរ និង ទទួលបានសញ្ញាបត្ររួមចំនួនពីរ ឬ សញ្ញាបត្រជាច្រើន។ គ្រឹះស្ថានមកពីប្រទេសជាដៃគូរ ក៏អាចចូលរួមក្នុងក្រុមប្រទេសដែលអនុវត្តកម្មវិធីនេះផងដែរ (បើទោះបីជានេះមិនមែនជាកាតព្វកិច្ចតម្រូវយ៉ាងណាក៏ដោយ) ក្នុងនាមជាដៃគូពេញលេញ មានន័យថា គ្រឹះស្ថានទាំងនោះ ផ្ដល់សញ្ញាបត្រជាផ្លូវការ ឬ ក្នុងនាមជាដៃគូមិនពេញលេញ (Associated Partners) ដោយពួកគេចូលរួមក្នុងកម្មវិធីក្នុងទម្រង់ជាការកសាងសមត្ថភាព ប៉ុន្តែពុំអាចផ្ដល់សញ្ញាបត្ររួមបាន ឡើយ។
កម្មវិធីអាហារូបករណ៍របស់សហភាពអឺរ៉ុបទាំងនេះ បំពេញបន្ថែមដល់ការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសហភាពអឺរ៉ុបផ្តល់ដល់វិស័យអប់រំនៅកម្ពុជា។ ក្រៅពីសភាពអ៊ឺរ៉ុប ប្រទេសមួយចំនួន ក្នុងតំបន់អ៊ឺរ៉ុប ក៏បានផ្តល់អាហារូបករណ៍ដោយផ្ទាល់មកដល់និស្សិតកម្ពុជា តាមរយៈរាជ រដ្ឋាភិបាលកម្ពុជាផងដែរ ។ សម្រាប់និស្សតដែលមានបំណងទទួលបានអាហារូបករណ៍ អាចស្វែងរកព័ត៌មានបន្ថែមពីតាមស្ថានទូតប្រទេសទាំងនោះ ប្រចាំនៅកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម