Connect with us

អបអរសាទរ ក្រុមសីដក់កម្ពុជា ទទួលបានមេដាយប្រាក់លំដាប់ពិភពលោក នៅប្រទេសថៃ

កីឡាសីដក់កម្ពុជា ទទួលបានមេដាយប្រាក់ លំដាប់ពិភពលោក ១គ្រឿងទៀតហើយ នៅប្រទេសថៃ

ភ្នំពេញ៖ ថ្មីៗនេះសង្កេតឃើញថា កីឡារបស់ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនជាខ្លាំង បន្ទាប់ពីទទួលបានជោគជ័យជាច្រើនលើឆាកអន្តរជាតិ សឹងតែគ្រប់កីឡាទៅហើយ ក្រោយពីកីឡាករ ប៉ាល់ ជីវ័ន្ត ទើបតែទទួលបានមេដាយមាស លំដាប់ពិភពលោក លើវិញ្ញាសារតៃក្វាន់ដូ ITF នៅប្រទេសកូរ៉េ ។

ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជាជនកម្ពុជាសាទរបន្ថែមទៀតនោះ ក្រុមសីដក់កម្ពុជា ក៏ទទួលបានមេដាយប្រាក់លំដាប់ពិភពលោក ដែលប្រព្រឹត្តទៅនៅប្រទេសថៃ ដោយចាញ់ពិន្ទុរបស់ក្រុមសីដក់ សឹង្ហបុរី ប្រភេទវិញ្ញាសារបុរស២នាក់ទល់និង២នាក់។ បើយោងតាមព័ត៌មានពី CAMSOC ៖ បានបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាសីដក់ បានរាយការណ៍ពីប្រទេសថៃមក ថា ក្រុមកីឡាករសីដក់ជម្រើសជាតិកម្ពុជាបានឈ្នះមេដាយប្រាក់លើវិញ្ញាសាបុរស២នាក់ទល់២នាក់ បន្ទាប់ពី បានប្រកួតចាញ់ក្រុមសីដក់ជម្រើសជាតិសិង្ហបុរី នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាសីដក់ជើងឯកពិភពលោក លើកទី៣៤ ឆ្នាំ២០១៩ នៅប្រទេសថៃ។

ក្រុមសីដក់កម្ពុជា ដែលដណ្តើមបានត្រឹមមេដាយប្រាក់នេះ ក្រោយប្រកួតចាញ់ក្រុមសីដក់សិង្ហបុរី ដោយ ក្នុងសិតទី១ កម្ពុជាបានចាញ់ ក្នុងពិន្ទុ ១៣ទល់២១, សិតទី២ កម្ពុជាចាញ់ ១៨ទល់២១ពិន្ទុ ដែលធ្វើឲ្យកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ ខណៈក្រុមសីដក់សិង្ហបុរីប្រជែងបានមេដាយមាសលើវិញ្ញាសា២នាក់ទល់២ នាក់នេះតែម្តង។

សូមបញ្ជាក់ថា មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមម្ចាស់មេដាយប្រាក់កម្ពុជាបានយកឈ្នះគូប្រកួតជាបន្ដ បន្ទាប់ ដូចជាយកឈ្នះក្រុមសីដក់ក្រុមស្វីស, នេប៉ាល់ និងអាហ្វហ្គានីស្ថាន ហើយក្រុមកម្ពុជាឈរនៅចំណាត់ ថ្នាក់លេខ១ ក្នុងពូល ហើយបានទម្លាក់ក្រុមសីដក់អូម៉ង់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចំពោះបេសកកម្មរបស់ កម្ពុជាមិនទាន់បញ្ចប់នៅឡើយទេ ដោយនៅសល់២វិញ្ញាសាទៀតក្នុងដៃទៀត សម្រាប់នៅថ្ងៃនេះលើវិញ្ញាសា ប្រកួត៣នាក់ទល់នឹង៣នាក់បុរស-នារី។ នេះជាកិត្តិយសមួយជូនជាតិ ក៏ដូចជាជូនប្រជាជនកម្ពុជា ទូទាំងប្រទេសកម្ពុជា ដែលឆ្លុះបង្ហាញថាកីឡាកម្ពុជាយើង មានភាពរីកចម្រើនជាងមុន យើងអាចធ្វើបានលើឆាកអន្តរជាតិ យើងនឹងខិតខំជាងនេះ ដើម្បីឱ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្បាស់៕

 

ប្រភពពី៖ CAMSOC

អត្ថប្រែសម្រួល៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម