Connect with us

ភ្នាក់ងាររកគូស្រករកូរ៉េ ដាក់បេក្ខភាពនារីៗ ជា “ទំនិញ”

ភ្នាក់ងាររកគូស្រករកូរ៉េ ដាក់បេក្ខភាពនារីៗ ជា “ទំនិញ”

បរទេស៖ របាយការណ៍មួយ របស់អង្គការសិទ្ធិមនុស្សកូរ៉េ មួយបានលាតត្រដាងថា ភ្នាក់ងាររកគូស្រករ ដែលមានទីតាំងនៅសាធារណរដ្ឋកូរ៉េ បានបង្ហោះវីដេអូនារីៗ ដែលដាក់ពាក្យស្វែងរកស្វាមី ជនជាតិកូរ៉េ ដោយចាត់ទុកពួកគេជា “ទំនិញ” មិនមែនមនុស្សឡើយ។

ភ្នាក់ងាររកគូស្រករនៅកូរ៉េ បង្ហោះវីដេអូរបស់បេក្ខភាពនារីៗជាច្រើន ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម YouTube ដើម្បីឱ្យបុរសៗជនជាតិកូរ៉េ ដែលជាអតិថិជន ជ្រើសរើសតាមខ្លួនពេញចិត្ត។

អង្គការសិទ្ធិមនុស្សកូរ៉េខាងលើ បានរកឃើញថា ចាប់ពីខែមករា ដល់ កក្កដា ឆ្នាំ២០១៩ ភ្នាក់ងាររកគូស្រករ នៅកូរ៉េ បានបង្ហោះវីដេអូ ចំនួន ៥១៨ វីដេអូ ធ្វើឱ្យវីដេអូសរុបមានចំនួន ៤៥១៥ វីដេអូ។ ក្នុងវីដេអូនោះ ភ្នាក់ងាររកគូស្រករ បានសម្ភាសនារីម្នាក់ៗ ដែលចង់រៀបការជាមួយបុរសកូរ៉េ។

រដ្ឋាភិបាលកូរ៉េ បានចេញគោលការណ៍ ផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់បុរសកូរ៉េ ដែលយកប្រពន្ធជាជនបរទេស ក្នុងនោះ បុរសម្នាក់ អាចទទួលបានចន្លោះពី ៣ ទៅ ១០លានវុន (២៦៧០ដុល្លារ ទៅ ៨៩០០ដុល្លារអាមេរិក)។ អង្គការដដែលក៏បានរកឃើញថា បេក្ខភាពដែលចង់បានប្ដីកូរ៉េ ភាគច្រើនជាស្ត្រីជនជាតិវៀតណាម ដែលមកពីគ្រួសារក្រីក្រ។ របាយការណ៍របស់ស្ថានទូតកូរ៉េនៅវៀតណាម បានបង្ហាញថា ក្នុង១ឆ្នាំៗ ស្ត្រីវៀតណាម ប្រហែល ៦០០០នាក់ បានរៀបការជាមួយបុរសកូរ៉េ។

តាមការស្ទង់មតិមួយដោយគណៈកម្មការសិទ្ធិមនុស្សកូរ៉េ ក្នុងឆ្នាំ២០១៧ បានឱ្យដឹងថា ៤២% នៃស្ត្រីចំនួន ៩២០នាក់ ដែលរៀបការជាមួយប្ដីជនជាតិកូរ៉េ បានរងនូវអំពើហិង្សា ខណៈ ៦៨% ទទួលការបង្ខំឱ្យរួមភេទពីស្វាមីកូរ៉េ៕

ប្រភព៖ Vietnam Express

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម