Connect with us

ពិតជាគួរអោយបារម្ភណាស់ ផលិតផលក្លែងក្លាយជាច្រើន ត្រូវបានសមត្ថកិច្ចរកឃើញជាបន្ត បន្ទាប់ ដែលរួមមានទាំងចំណីអាហារ និង គ្រឿងសម្អាង

(ភ្នំពេញ)៖ សមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី ២៨ ខែសីហានេះ បានបន្តបើកប្រតិបត្តិការបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់មួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយដកហូតបានផលិតផលក្លែងក្លាយ ៤តោនកន្លះ។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងខុសច្បាប់មួយនេះ មិនត្រឹមតែស្តុកគ្រឿងសម្អាងក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងផលិត កែច្នៃ វេចខ្ចប់ និង ចែកចាយគ្រឿងសម្អាងក្លែងក្លាយក្នុងកន្លែងតែមួយផងដែរ។


មន្ត្រីដដែលបានបន្តថា ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ច ក៏បានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ ។
ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខ បើគិតជាទម្ងន់ប្រមាណ ៤.៥តោន (៤តោនកន្លះ) និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់ ។

ក្រោយពីត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចបានដកហូត និងរក្សាទុកនូវភស្តុតាងដែលរកឃើញ ព្រមទាំងរៀបចំបិទទីតាំងខុសច្បាប់នេះតែម្ដង ខណៈជនសង្ស័យជាម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាននាំទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបទីតាំងផលិត កែច្នៃ វេចខ្ចប់ ស្តុក និងចែកចាយគ្រឿងសម្អាងខុសច្បាប់មួយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រតិបត្តិការបង្ក្រាបទីតាំងផលិត និង វេចខ្ចប់ប៊ីចេងក្លែងក្លាយនៅខណ្ឌឫស្សីកែវដូចគ្នា និង បានដកហូតបានប៊ីចេងក្លែងក្លាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម