Connect with us

នៅឆ្នាំ២០២៣ ចំនួនប្រជាជនដែលមានវ័យចាស់នៅកម្ពុជា ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ នឹងកើនឡើងដល់ជិត១០ភាគរយ និងបានបង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង

ភ្នំពេញ ៖ ក្រសួងផែនការ កំពុងផ្សព្វផ្សាយការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ៖ ប្រជាជនវ័យចាស់នៅកម្ពុជា។ ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ គឺជាការប្រែប្រួលប្រជាសាស្ត្រនាចុងអន្តរកាលប្រជាសាស្ត្រ ដែលសមាមាត្រប្រជាជនវ័យចាស់ អាយុ ៦០ឆ្នាំឡើងកើនឡើងយ៉ាងលឿន នៅពេលដែលប្រជាជន ក្នុងវ័យកំពុងធ្វើការងារបច្ចុប្បន្នចាប់ផ្តើមចូលនិវត្តន៍ គួបផ្សំនឹងការមានកូនតិច និងការកើនឡើង នៃអាយុកាលសង្ឃឹរស់។


ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ បានមានប្រសាសន៍ថា ដំណើរឆ្ពោះទៅរកប្រជាជនវ័យចាស់ ជាបាតុភូតប្រជាសាស្ត្រមួយ ដែលប្រទេសអភិវឌ្ឍន៍លើពិភពលោកបានឆ្លងកាត់ និងដែលប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមជួប រួមទាំងកម្ពុជាផង។
ជាក់ស្តែង ប្រជាជនវ័យចាស់នៅកម្ពុជា មានចំនួន ៥ភាគរយនៅឆ្នាំ ១៩៩៨. ៦ភាគរយ នៅឆ្នាំ២០០៨. ៧,៦ភាគរយ នៅឆ្នាំ២០១៨ និង ឈានទៅ ៩,៣ភាគរយនៅឆ្នាំ ២០២៣ និងឆ្នាំ២០៣០ មាន ១១,៥ភាគរយ។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា បាតុភូតនេះ មិនត្រឹមតែជះឥទ្ធិពលទៅលើមនុស្សវ័យចាស់ខ្លួនឯងទេ ប៉ុន្តែ ថែមទាំងជះឥទ្ធិពលទៅលើគ្រប់វិស័យទាំងអស់ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល ដោយហេតុថា វ័យចាស់ ជាវ័យដែលភាពសកម្មសេដ្ឋកិច្ចចាប់ផ្តើមថយចុះឆ្ពោះទៅរកចំណុចអប្បបរមា ស្របពេលដែលតម្រូវការការផ្គត់ផ្គង់ និង ការថែទាំចាប់ផ្តើមកើនឡើងឆ្ពោះទៅរកចំណុចអតិបរមា។ ការឈានចូលវ័យចាស់ ប្រកបដោយសក្តានុពល គឺជាភាគលាភប្រជាសាស្ត្រទី២ ដែលក្នុងស្ថានភាពនោះ មនុស្សចាស់ជាធនធានបង្គោល ជាជាងបន្ទុក។


ឯកឧត្តម បានថ្លែងថា មូលហេតុនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ដោយឈរលើមូលដ្ឋានចំនួនមួយនៃ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយសំដៅត្រៀម និងរៀបចំដោះស្រាយបញ្ហាដែលកំពុង និងដែលនឹងកើតមាន និងផ្តល់ការតម្រង់ទិសដល់វ័យសកម្មការងារអំពីដំណើរឈានទៅរកវ័យចាស់ប្រកបដោយសក្តានុពលនៅកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម