Connect with us

ប្រសិនបើអ្នកចង់ដឹងច្រើនពីប្រវត្តិសាស្រ្តចិន អ្នកអាចសាកល្បងលេងហ្គេមក្នុងទូរស័ព្ទដៃ ឈ្មោះថា “Arena of Valor” ដែលបង្កើតឡើងដោយក្រុមហ៊ុនចិន

ប្រទេសចិន ៖ ហ្គេមទូរស័ព្ទដែលផលិតឡើងដោយចិន ឈ្មោះថា “Arena of Valor” បានបើកឱកាសមួយ ដែលគេមិនបានរំពឹងទុក ដើម្បីឱ្យអ្នកលេងហ្គេមទូទាំងពិភពលោក អាចស្គាល់អំពីវប្បធម៌ និង ប្រវត្តិសាស្ត្ររបស់ប្រទេសចិន។

ក្រុមហ៊ុន ធែនស៊ែន (Tencent) គឺជាអ្នកបង្កើតហ្គេមទូរស័ព្ទនេះឡើង ។ ហ្គេមនេះ បានធ្វើឱ្យតួអង្គ ស៊ុន អ៊ូខុង ក្នុងរឿង “ស្តេចស្វា” មានវត្តមានលើឆាកអន្តរជាតិ សម្រាប់ឱ្យមនុស្សទូទៅបានស្គាល់។

ហ្គេមនេះ មានតួអង្គក្នុងរឿងរបស់លោកខាងលិច និងរឿងរបស់ចិនផង ដូចជា តួអង្គនារីដ៏ស្រស់ស្អាត ឈ្មោះថា ទាវ ច័ន្ទ (Diao Chan) និង តួមេទ័ព លីយូ ពូ (Lyu Bu) ដែលបានរស់នៅក្នុងសម័យរាជវង្សហាន និងដែលលាតសន្ធឹងពីចន្លោះឆ្នាំ២៥ដល់ឆ្នាំ២២០ នៃគ្រឹស្តសករាជ។

ដោយវិស័យកីឡាអេឡិចត្រូនិច ឬ ហៅម្យ៉ាងទៀតថា វិស័យប្រកួតហ្គេមវីឌីអូ តាមអ៊ីនធើណេត បន្តរីកចម្រើនទូទាំងពិភពលោក ហ្គេមនេះ ក៏កំពុងក្លាយជាកន្លែងមួយសម្រាប់ឱ្យពិភពលោក បានរៀនសូត្របន្ថែមទៀត អំពីប្រវត្តិសាស្ត្ររបស់ប្រទេសចិន។

លោក ទីង ស៊ីន អ្នករចនាហ្គេមជាន់ខ្ពស់ ក្រុមហ៊ុន ធែនស៊ែនហ្គេម បាននិយាយថា “ វីរៈបុរស ជាច្រើនដែលមាននៅក្នុង ហ្គេមនេះ ដូចជា លីយូ ពូ និង ទាវ ច័ន្ទ គឺសុទ្ធតែមានគេស្គាល់ច្រើននៅតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ីខាងកើត។ ប៉ុន្តែ នៅ អ៊ឺរ៉ុប និងអាមេរិកវិញ គេមិនសូវស្គាល់ទេ ។ ដូច្នេះ យើងត្រូវធ្វើឱ្យវីរៈបុរសទាំងនេះ កាន់តែមានភាពទាក់ទាញ និងងាយស្រួលលេង ដើម្បីទាក់ទាញអ្នកលេងហ្គេម និងធ្វើឱ្យពួកគេចាប់អារម្មណ៍ទៅលើសាច់រឿងប្រវត្តិដើមរបស់ហេរ៉ូនីមួយៗ។”

បើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ញូរហ្ស៊ូ (Newzoo) វិស័យកីឡាអេឡិចត្រូនិច រកប្រាក់ចំនូលបាន ៦៥៥លានដុល្លារអាមេរិកទូទាំងពិភពលោក ក្នុងឆ្នាំ២០១៧ កើនឡើង៣៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦។

គេរំពឹងថា ប្រាក់ចំនូលនេះ នឹងកើនដល់៩០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ ជាហេតុជំរុញឱ្យក្រុមហ៊ុនបង្កើតហ្គេមទាំងឡាយ ព្យាយាមទាញយកអត្ថប្រយោជន៍ពីទីផ្សារដែលនៅសល់សក្តានុពលដ៏ច្រើននេះ។

អ្នកនាង យូ ហ្វឹន ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន ធែនស៊ែនហ្គេម បានលើកឡើងថា “សព្វថ្ងៃ យើងឃើញមានអ្នកបង្កើតហ្គេមជនជាតិចិន និង ហ្គេមដែលបង្កើតឡើងដោយចិន កាន់តែច្រើនឡើងៗ ពង្រីកវត្តមានទៅបរទេស ។ ចំពោះអ្នកនាងផ្ទាល់ យល់ថាទីផ្សារនៅបរទេស គឺធំធេងណាស់។ យើងដឹងថា ការប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក គឺពិតជាពិបាក ដូច្នេះអ្នកបង្កើតហ្គេមទាំងឡាយ មាន ឆន្ទៈចង់សិក្សាឱ្យយល់អំពីតម្រូវការផ្សេងៗគ្នារបស់ទីផ្សារនីមួយៗ ។ ដូចនេះ យើងនៅមានឱកាសនៅឡើយទេ ដើម្បីអាចទាក់ទាញចិត្តរបស់អតិថិជននៅតាមទីផ្សារទាំងនោះ។”

អ្នកបង្កើតហ្គេមនៅក្រុមហ៊ុនធែនស៊ែន ទទួលស្គាល់ថា វប្បធម៌និងទំនៀមទម្លាប់ នៅតែជាឧបសគ្គសម្រាប់ការផ្សព្វផ្សាយហ្គេមរបស់ចិននៅបរទេស ។ ពួកគេយល់ថា ការបត់បែនទៅតាមកាលៈទេសៈ គឺជាគន្លឹះសំខាន់ដើម្បីឱ្យហ្គេមទាំងឡាយ អាចសម្រេចបានជោគជ័យទៅថ្ងៃមុខ។

លោក ទីង ស៊ីន អ្នករចនាហ្គេមជាន់ខ្ពស់ ក្រុមហ៊ុន ធែនស៊ែនហ្គេម បានបន្ថែមថា “យើងបានផ្លាស់ប្តូរហ្គេមរបស់យើងទាំងស្រុង នៅពេលដែលយើងសម្ពោធវានៅលើទីផ្សារអន្តរជាតិ។ យើងបានរក្សាតួអង្គចិនជាច្រើនឱ្យនៅដដែល។ តែយើង ក៏បានបង្កើតឡើងវិញនូវតួអង្គទាំងនោះភាគច្រើនដែរ ដើម្បីតម្រូវទៅតាមទីផ្សារបរទេស។ អ្វីដែលសំខាន់នោះ គឺនៅត្រង់ថាតើហ្គេមនោះ សប្បាយលេង ឬ អត់។ ចំនុចនេះ វាមិនប្រែប្រួលទៅតាមទីផ្សារនោះទេ។”

បច្ចុប្បន្ន គឺជាសម័យដែលហ្គេមវីឌីអូតាមអ៊ីនធើណេត ដែលមានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការប្រកួត និងព្រឹតិ្តការណ៍ផ្សេងៗ មានគេរៀបចំឡើងគ្រប់កន្លែងតែម្តង។ មនុស្សម្នា កាន់តែច្រើន ក៏កំពុងជជែកគ្នាថា ការប្រកួតហ្គេមវីឌីអូតាមអ៊ីនធើណេត គួរតែត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតអូឡាំពិក ដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម