Connect with us

ការស្រង់និងបូកពិន្ទុ ដោយកុំព្យូទ័រ សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៨ នឹងចាប់ផ្តើមហើយ ក្រោយដំណើរការកំណែ បានបញ្ចប់ទាំងស្រុង

(ភ្នំពេញ)៖ បើយោងតាមទំព័រFacebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការកំណែមុខវិជ្ជាទាំង១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ ត្រូវបានបញ្ចប់ទាំងស្រុង នៅថ្ងៃទី២៩ ខែសីហានេះ។


ក្រសួងអប់រំ បានក៏បញ្ជាក់ថា ការបញ្ចប់ទាំងស្រុងនូវដំណើរការកំណែនេះ គឺដោយសារការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។


តាមការគ្រោងទុក លទ្ធផលប្រឡង នឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ គួររំលឹកថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៦មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៩៧មណ្ឌល ត្រូវជា៤,៦៥៥បន្ទប់ ទូទាំងប្រទេស៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម