Connect with us

កង្វះទុន បានធ្វើអោយសហគ្រាសនៅកម្ពុជា មិនអាចផលិត​ផលិតផលបំពេញតម្រូវការក្នុងស្រុក ជំនួសដោយការនាំចូលពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់

ភ្នំពេញ÷ ប្រាក់កម្ចី​របស់ធនាគារ​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​នៅកម្ពុជា​​ តិច​តួច​ប៉ុណ្ណោះ​ត្រូវ​បានផ្តល់ដល់សហគ្រាស​​ផលិត​ ខណៈប្រាក់​កម្ចី​ភាគ​​ច្រើន​លើសលប់​ ផ្តោតលើ​ពាណិជ្ជកម្ម អាជីវកម្មលក់​ដុំ​និង​រាយ និង​ វិស័យ​អចល​ន​ទ្រព្យ​​​ ខណៈដែលរដ្ឋាភិបាល​នឹងអន្តរាគម​ក្នុង​​រឿង​នេះ​​នៅឆ្នាំ​២០១៩​ នេះ​បើយោងតាម​​​​​របាយ​ការណ៍របស់ធនាគារជាតិ​នៃកម្ពុជា​ ។​

បើតាមរបាយការណ៍ បានអោយដឹងថា ​ទ្រព្យសកម្មម​របស់គ្រឹះស្ថានធនាគារ​​ បានកើន​ឡើង​ ១៩,៣% ក្នុងឆ្នាំ​២០១៧ ​ធៀបឆ្នាំ​២០១៦ ដែលមាន​​ទំហំទឹកប្រាក់​រហូត​ដល់ ១១៤,៨ ទ្រីលានរៀល ឬ ​២៨៧​ ប៊ីលាន​ដុល្លារ និង កំណើន​ឥណទាន​ ១៦,៨% មានទឹកប្រាក់រហូតដល់​ ៦៥​ ទ្រីលាន​រៀល ឬ​ជាង​​ ១៦ប៊ីលាន​ដុល្លារ​។

កំណើន​ទាំង​អស់​​នោះ​​​ មានប្រភព​មក​ពី​កំណើន​​មូលនិធិភាគ​ទុនិក​ ២២,៥% កំណើន​មូលនិធិ​កម្ចី​​ ៣៨,៦% និង កំណើន​ប្រាក់បញ្ញើ​​​ ២៣,៣%។

ក្នុងចំណោម​ឥណទាន​ទាំងអស់របស់ធនាគារ​ ​មានតែ​ជាង​៦% ប៉ុណ្ណោះ​ដែល​​ត្រូវ​បានផ្តល់ដល់​​វិស័យកម្មន្តសាល ឬ​ហៅ​ភាសា​សាមញ្ញងាយស្តាប់ថា «សហគ្រាសផលិត​» ។ ​ទំហំ​នេះ​ គឺនៅតូច​ណាស់ ដែលធ្វើ​ឲ្យកម្ពុជា​ខ្វះខាត​នូវ​ផលិត​​ផល​​​ដែល​បំពេញ​តម្រូវការ​​ទីផ្សារ​របស់ខ្លួន​ឯង ហើយជំនួស​មក​វិញ​នូវ​ការនាំចូល​ដ៏ច្រើន​ ដែលស្ទើរ​គ្របដណ្តប់​លើ​ទីផ្សារ​កម្ពុជាទាំងមូល​។

ចំណែក​​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ ក៏រួមចំណែក​មិនតូច​ដែរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដែលមានភាពកាក់កប​​ជាច្រើន​ឆ្នាំ​កន្លងមកនេះ។​ គិត​ដល់​​​ចុង​ឆ្នាំ​២០១៧ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បានទម្លាក់​ប្រាក់​កម្ចី​ សរុប​​ប្រមាណ​ ១៥,៩ ​ទ្រីលានរៀល (ប្រហាក់​ប្រហែល ៣ប៊ីលាន ៩៧៥ លាន​ដុល្លារ​)​ កើន​ឡើង​​២៥,៥​% ដល់​អតិថិជន​​ចំនួន ១,៧៥ លាន​នាក់​។​

ធនាគារ​ជាតិនៃកម្ពុជា បាន​បង្ហាញថា ឥណទាន​ជា​ប្រភព​​ទុន​យ៉ាងសំខាន់ក្នុងការ​គាំទ្រ​ដល់​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​សម្រាប់បង្កើត​និង​ពង្រីក​អាជីវកម្ម​ដែល​ជា​កត្តា​​រួម​ចំណែក​​យ៉ាងសំខាន់​​ក្នុងដំណើរ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​​កម្ពុជា​ និង​ការកាត់បន្ថយភាពក្រីក្រ។

ឥណទាន​​របស់គ្រឹះស្ថាន​​ធនាគារ​​ត្រូវ​បាន​ប្រើប្រាស់​ទៅលើវិស័យ​ផ្សេង​ៗ​ រួ​មមាន៖ ការជូញដូរ​​រាយ ១៧,៦% ការជូញដូរ​ដុំ ១២,៤% ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ​១០,៣% សំណង់​៩,៥% ការឱ្យ​ខ្ចី​ទិញ​ផ្ទះ​​ជាកម្មសិទ្ធិផ្ទាល់ខ្លួន ៩,២% សេវាកម្ម​មិនមែន​ហិរញ្ញវត្ថុ​​ផ្សេងៗទៀត ៧,៣% កម្មន្តសាល​កម្ម​៦,៣% ការជួញដូរ​អចលនទ្រព្យ ៥,៧% សណ្ឋាគារ​និង​ភោជនីយដ្ឋាន ៤,៦% និង វិស័យ​ផ្សេងៗទៀត ១៧,១%។

ចំណែក​​ឥណទាន​ដែលផ្តល់ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យផ្សេង​ៗវិញ រួម​មាន ​ឥណទាន​គ្រួសារ​ស្មើ​៣១% កសិកម្ម ៣០% ពាណិជ្ជកម្ម ១៩% សេវាកម្ម ១០% ដឹកជញ្ជូន ៤% សំណង់​ ៣% និង ផ្សេងៗទៀត ​៣%៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម