Connect with us

ចិន រកមូលហេតុនៃការស្លាប់ខ្លាឃ្មុំ Panda នៅថៃ ដែលជាអំណោយរដ្ឋាភិបាលចិន

ចិន យកចិត្តទុកដាក់ចំពោះខ្លាឃ្មុំ Panda ណាស់!

ថៃ៖ អាជ្ញាធរចិន បានទទួលដំណឹងពីការស្លាប់របស់សត្វខ្លាឃ្មុំ ផេនដា មួយក្បាល នៅសួនសត្វខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយនឹងបញ្ជូនអ្នកជំនាញ ដើម្បីមកធ្វើកោសល្យវិច័យសាកសពខ្លាឃ្មុំ ផេនដា ដែលដែលជាអំណោយរបស់រដ្ឋាភិបាលចិន សម្រាប់រាជរដ្ឋាភិបាលថៃ កាលពីខែតុលា ឆ្នាំ២០០៣។

ខ្លាឃ្មុំ ផេនដា ឈ្មោះ Xuang Xuang បានស្លាប់នៅសួនសត្វឈៀងម៉ៃ កាលពីម៉ោង ៤:២៨ នាទីរសៀល ថ្ងៃទី១៦កញ្ញា បន្ទាប់ពីបានស៊ីឫស្សី រួចដើរសុខៗ ក៏ដួលស្លាប់តែម្ដង។ Xuang Xuang ទើបតែត្រូវបានអ្នកមើលថែនៅសួនសត្វ ធ្វើពិធីខួបកំណើតអាយុ ១៩ឆ្នាំ កាលពីថ្ងៃទី៦ ខែសីហា កន្លងទៅ។ វាបានកើតកាលពីឆ្នាំ២០០០ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សត្វផេនដា នៅក្រុង Wo Long ខេត្តឈិងទូ ភាគខាងត្បូងប្រទេសចិន។

បច្ចុប្បន្នសពរបស់វា ត្រូវបានរក្សាទុកនៅសួនសត្វខាងលើ រង់ចាំកោសល្យវិច័យ ដើម្បីរកមូលហេតុនៃការស្លាប់នេះ។ ខ្លាឃ្មុំផេនដាទាំងឡាយ នៅសួនសត្វខេត្តឈៀងម៉ៃ សុទ្ធតែមានការធានារ៉ាប់រង ទឹកប្រាក់ ១៥លានបាត (ជិត ៥០ម៉ឺនដុល្លារអាមេរិក)។

ពេទ្យសត្វនៅសួនសត្វដដែល បានបញ្ជាក់ថា ពួកគេធ្វើតេស្តឈាមខ្លាឃ្មុំផេនដា ជារៀងរាល់ខែ ហើយ Xuang Xuang មានសុខភាពល្អធម្មតា មិនមានរោគសញ្ញាណាមួយឡើយ។ ការស្លាប់របស់វា ធ្វើឱ្យបុគ្គលិកបម្រើការងារនៅសួនសត្វខាងលើ មានការសោកស្ដាយជាខ្លាំង និងតម្រូវឱ្យស្លៀកឯកសណ្ឋានពណ៌ខ្មៅ ដើម្បីកាន់ទុក្ខ។

គួរជម្រាបថា អាយុរបស់ខ្លាឃ្មុំផេនដា ដែលរស់នៅក្នុងព្រៃជាមធ្យម គឺចន្លោះពី ១៤ ទៅ ២០ ឆ្នាំ។ តែពួកវា អាចរស់បានយូរជាងនេះ ប្រសិនបើពួកវា ទទួលបានការថែទាំដោយការយកចិត្តទុកដាក់៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម