Connect with us

សហគ្រាសចំនួន ៣០០ នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួតប្រជែងយកពានរង្វាន់ ស៥ ក្នុងឆ្នាំ២០១៨ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និង សិប្បកម្ម រំពឹងថា ការប្រកួតប្រជែងពានរង្វាន់វិធីសាស្ត្រ ស៥ នឹងទទួលបានការចុះឈ្មោះពីក្រុមហ៊ុន និង សហគ្រាស ប្រមាណ៣០០ ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ ស៥ ដែលជាពានរង្វាន់ប្រចាំឆ្នាំ រៀបចំឡើងដោយក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងដោយមានមជ្ឍមណ្ឌលផលិតភាពជាតិកម្ពុជា ជាអង្គភាពអនុវត្ត ។

ក្នុងពិធីផ្សព្វផ្សាយដោយសហគ្រាសនិងក្រុមហ៊ុនសម្រាប់បើកទទួលពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០១៨ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានអះអាងថា វិធីសាស្ត្រស៥ ជាវិធីសាស្ត្រអនុវត្តល្អ នាំឲ្យមានប្រសិទ្ធភាពក្នុងសង្វាក់ផលិតកម្ម ដែលគ្រប់សហគ្រាស និង ក្រុមហ៊ុនគួរប្រកាន់យក។ ដូចនេះការរៀបចំប្រកួតប្រជែងនេះ គឺជាផ្នែក១ នៃការពង្រីកការផ្សព្វផ្សាយវិធីសាស្រ្តនេះ ឲ្យបានរហ័សដល់អាជីវកម្មនៅកម្ពុជា ដើម្បីឈានទៅយកស្តង់ដារកម្រិតខ្ពស់បន្ថែមទៀត។

ការប្រកួតប្រជែងយកពានរង្វាន់ ស៥ បានឈានចូលឆ្នាំទី៥ បន្ទាប់ពីបានរៀបចំដំបូងកាលពីឆ្នាំ២០១៤ ក្រោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានបណ្តុះបណ្តាលសហគ្រិនក្នុងស្រុកអំពីវិធីសាស្រ្តនេះ ដោយយកគម្រូតាមផលិតកម្មពីប្រទេសជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហើយសហគ្រាសរបស់ជប៉ុនផលិតផលិតផលមានស្តង់ដារខ្ពស់អាចបំពេញតម្រូវការទីផ្សារជុំវិញពិភពលោក។

សហគ្រាសនៅកម្ពុជា ជាសហគ្រាសថ្មីថ្មោង មិនសូវមានបទពិសោធន៍ ហើយគាត់តែងតែមានការបារម្ភ ពេលនិយាយដល់ពាក្យប្រកួតប្រជែង ព្រោះពាក្យថា ប្រកួតប្រជែង គេមិនអាចធ្វើអ្វីៗតាមទម្លាប់នោះទេ ពោលគឺគេត្រូវមានចំណេះដឹង និងការរៀបចំល្អផងដែរ។

វិធីសាស្រ្ត ស៥ ដែលជាពាក្យកាត់ មកពីពាក្យពេញថា «សម្រិតសម្រាំង សណ្តាប់ធ្នាប់ សំអាត ស្តង់ដា និង ស្ថិតស្ថេរ»។ ការអនុវត្តល្អតាមគោលការណ៍ ស៥ នឹងធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ផលិតផល និង ឈានទៅប្រកួតប្រជែងឈ្នះគេនៅលើទីផ្សារ។

លោក ហេង អៀង ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានប្រកាសថា ក្រុមហ៊ុនគ្រប់ប្រភេទ ទាំងក្រុមហ៊ុនធំ និង ក្រុមហ៊ុនលក្ខណៈគ្រួសារ អាចមកដាក់ពាក្យចូលរួមប្រកួតប្រជែងយកពានរង្វាន់នេះបាន។ មន្ត្រីមជ្ឈមណ្ឌលផលិតភាពជាតិ នឹងចុះទៅប្រឹក្សាយោបល់ដើម្បីកែសម្រួលក្នុងសង្វាក់ផលិតកម្ម ហើយ ចុះទៅអធិការកិច្ចជាថ្មី មុនការដាក់ពិន្ទុរឲ្យជាប់ចំណាត់ថ្នាក់។ តាមការឲ្យដឹង លក្ខខណ្ឌដែលកំណត់ថាជាប់ និង ត្រូវប្រគល់ពានរង្វាន់ លុះត្រាសហគ្រាសនោះ មានកម្រិតពិន្ទុរលើសពី៨០ឡើង។

កាលពីឆ្នាំ២០១៤ សហគ្រាសឆ្នើមចំនួន៣ ក្នុងចំណោមសហគ្រាសផលិតផលិតផលអាហារចំនួន១០ នៅរាជធានីភ្នំពេញ ត្រូវបានជ្រើសរើសទទួលពានរង្វាន់ផលិតភាព «ស៥» លើកដំបូងបំផុតនៅកម្ពុជា រៀបចំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម