Connect with us

ពេលទៅខេត្តបាត់ដំបង កុំភ្លេចទៅលេងផ្សាររាត្រី ដែលទើបតែបើកសម្ពោធ នៅថ្ងៃនេះ ដើម្បីជាការជួយគំាទ្រដល់អាជីវករក្នុងស្រុក

បាត់ដំបង ៖ ផ្សាររាត្រីក្រុងបាត់ដំបង ត្រូវបានពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែសីហានេះ ក្នុងគោលបំណងដើម្បីបង្កើតការងារទីផ្សារជូនប្រជាពលរដ្ឋក្រីក្រ មកពីសហគមន៍នានា ក្នុងខេត្តបាត់ដំបង ក៏ដូចជាដើម្បីចូលរួមគាំទ្រដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋ តាមរយៈការ ផ្តល់មុខរបរខ្នាតតូចដល់ក្រុមអាជីវករនៅតាមសហគមន៍ទាំងនោះឲ្យមានការរីកចម្រើន ។


តំណាងធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ការកសាងផ្សាររាត្រីថ្មីនៅក្រុងបាត់ដំបង គឺជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ខេត្តបាត់ដំបង ហើយនេះ គឺជាហិរញ្ញប្បទានឥតសំណង ផ្តល់ដោយមូលនិធិជប៉ុន ដើម្បីកាត់បន្ថយភាពក្រីក្រ(JEPR) ។


បើតាម អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បញ្ជាក់ថា ផ្សាររាត្រីនេះ មានទីតាំងស្ថិតនៅចំកណ្ដាលក្រុងបាត់ដំបង ទល់មុខសួននាគបាញ់ទឹក ក្រោមការគ្រប់គ្រងដោយគណៈកម្មាធិការ គ្រប់គ្រងទីផ្សារ MMC ដែលដឹកនាំដោយអភិបាលក្រុងបាត់ដំបង ក្នុងទំហំផ្ទៃដី ៣០៦៤ម៉ែត្រក្រឡា ។


សូមជំរាបថា គម្រោងផ្សាររាត្រីនេះ មានគោលបំណងសាកល្បងការអភិវឌ្ឍទីផ្សារ ជាវិធីសាស្រ្ដមួយសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស ក្រុមអាជីវករផ្សារក្រីក្រនៅក្នុងក្រុងបាត់ដំបងចំនួន ១៥២ នាក់ ក្នុងនោះ ស្រី្តមាន ចំនួន១៣៧នាក់ ត្រូវបានចងក្រងជាសមាគមអាជីវករផ្សារ ដែលគ្រប់គ្រងដោយគណៈកម្មាការគ្រប់គ្រងផ្សាររាត្រី ។ ទន្ទឹមនឹងនេះ សមាជិកអាជីវករផ្សារទាំង១៥២នាក់នោះ ក៏បានទទួលបានវគ្គបណ្ដុះបណ្ដាល ក្នុងការគ្រប់គ្រងថវិកាសម្រាប់អាជីវកម្មរបស់ពួកគាត់ ដែលគាំទ្រដោយគម្រោងនេះផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម