Connect with us

ពិតជាងាយស្រួលសម្រាប់អតិថិជនវីង ដែលមានបំណងចង់ផ្តល់វិភាគទានជូនមូលនិធិគន្ធបុប្ផា កម្ពុជា គឺអាចធ្វើបាននៅតាមគ្រប់ភ្នាក់ងារវីងទូទាំងប្រទេស ដោយពុំគិតសេវា

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានអញ្ជើញចូលរួម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពី «ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា» រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលមានអ្នកឧកញ៉ា គិត ម៉េង ។

ការចុះអនុស្សរណៈ នៃការយោគយល់រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង នារសៀលថ្ងៃទី៣០ ខែសីហានេះ គឺជាកិច្ចសហប្រតិបត្ដិការ ដើម្បីផ្ដល់ជូនសប្បុរសជន ដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នូវជម្រើសបន្ថែម ដែលមាន លក្ខណៈកាន់តែងាយស្រួល តាមរយៈសេវាកម្មរបស់ធនាគារឯកទេសវីង នៅតាមគ្រប់ភ្នាក់ងារ វីងទាំងអស់នៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា។

បន្ថែមលើនេះ ធនាគារឯកទេសវីង ក៏នឹងបន្ដសហការជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគមូលនិធិបន្ថែមទៀតផងដែរ។ កម្មវិធីថ្ងៃនេះ សបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀត ក្នុងការគិតគូរអំពីសុខទុក្ខរបស់កុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត និងដាក់ឲ្យដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរ គឺជាស្ថាបនិក និងជាប្រធានកិត្ដិយសរបស់មូលនិធិផ្ទាល់។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាបរធនបាលកិច្ច នៅក្រោមពាក្យស្លោក «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ក្នុងគោលបំណងដើម្បីកៀរគរ នូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាចីរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជា នឹងបន្ដទទួលបានការធានានូវការគាំពារ ផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។

គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានសមាជិក ដែលបានចូលរួមបរិច្ចាគសរុបចំនួន៥១,២៨១នាក់ និងគិតជាទឹកប្រាក់បានចំនួន ៤,៩៥៦,៦៥៥ដុល្លារ និង៤,១១៥,០២៤,៦៤៧រៀល។ ជាមួយនឹងកិច្ចសហប្រតិបត្ដិការ រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីងនេះ លោកអគ្គបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ចំនួនអ្នកបរិច្ចាគពិតជាបន្ដកើនឡើងទៀត។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលរបស់ Royal Group ចំពោះទឹកចិត្ដសប្បុរស ដែលបានបរិច្ចាគដីដែលជាទ្រព្យសម្បត្ដិផ្ទាល់ខ្លួន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងថែមទាំងបានជួយផ្សព្វផ្សាយអំពីមូលនិធិ និងជាពិសេស តាមរយៈធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលបានសម្រួលដល់ការផ្តល់វិភាគទានដោយមិនគិតថ្លៃសេវា។

កាយវិការដ៏សប្បុរសនេះ បាននឹងកំពុងចូលរួមចំណែក ជួយដល់កុមារកម្ពុជារាប់លាននាក់។ ជាមួយនឹងការចុះអនុស្សរណៈនេះ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឲ្យក្រុមការងារគន្ធបុប្ផាកម្ពុជា ពង្រឹងកិច្ច សហប្រតិបត្តិការ ជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងដៃគូរពាក់ព័ន្ធដ៏ទៃទៀត ក្នុងការបន្តផ្សព្វផ្សាយអំពីមូលនិធិ និងសម្រួលដល់កិច្ចការកៀរគរ ការចូលរួមវិភាគទានសប្បុរធម៌ ឲ្យបានកាន់តែច្រើន បន្ថែមទៀតផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម