Connect with us

អ្នកចង់ចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

អ្នកចង់ចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

ការបន្សល់ស្នាមសាក់លើខ្លួន អាចជារឿងតុបតែងលម្អ ឬអាចជាការសម្គាល់ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតរបស់គេ ទោះជាមានគ្នាយើងខ្លះ មិនស្រឡាញ់ ឬមិនឱ្យតម្លៃទូលំទូលាយដល់អ្នកលេងខ្លួនមានសាក់យ៉ាងណាក្ដី។

ការចាក់សាក់ គឺមានទាំងការឈឺចាប់ និងមានស្មុគស្មាញក្នុងប្រឈមមុខនឹងអ្នកជុំវិញខ្លួនមានទាំងមិត្តភ័ក្ដិ និងក្រុមគ្រួសារ បូករួមទាំងការថែទាំឱ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ បន្ទាប់ពីចាក់សាក់រួចនោះ មានមនុស្សជាច្រើនមានបំណងចង់លុបចោលវិញ ប៉ុន្តែដោយមិនដឹងពីវិធីក្នុងការលុបចេញវិញឱ្យបានត្រឹមត្រូវ។

១- ការថែស្នាមសាក់
– ការថែទាំភ្លាមៗ៖ យើងត្រូវរុំ ឬបិទឱ្យបានពី ១ ទៅ ៣ ម៉ោង បន្ទាប់ពីចាក់សាក់រួច។ ការរុំគឺអាចប្រមូលនូវឈាម និងរក្សានូវទឹកថ្នាំសាក់បាន ហើយការរុំអាស្រ័យលើស្នាមសាក់។
ត្រូវរក្សាស្នាមសាក់ឱ្យនៅស្អាត លាងឱ្យបានច្រើនដងក្នុងមួយថ្ងៃ ជាមួយសាប៊ូប្រឆាំងបាក់តេរី និងគ្មានក្លិនដើម្បីចៀសវាងពីការឆ្លងមេរោគ។ ត្រូវរក្សាទម្លាប់នេះរហូតដល់ស្នាមសាក់ជាសះស្បើយ។ មិនត្រូវប៉ះស្នាមសាក់ បើសង្ស័យថាដៃអត់ស្អាត។
ត្រូវរក្សាស្នាមសាក់ឱ្យមានសំណើមដោយលាបថ្នាំប្រេង (Ointment) បន្ទាប់ពីបានលាងសំអាតរួច ពីរបីថ្ងៃដំបូង។ គ្រាន់តែលាបវាស្តើងៗលើស្បែកដើម្បីឱ្យស្នាមសាក់ឆាប់ជាសះស្បើយតែប៉ុណ្ណោះ។ ការលាបថ្នាំប្រេងច្រើនពេកក៏អាចរារាំងដល់ការជាសះស្បើយបានដែរ។
បន្ទាប់ពីប្រើថ្នាំប្រេងបានពីរបីថ្ងៃរួច យើងអាចជ្រើសរើសប្រើឡេជំនួសបាន។ មិនត្រូវស្លៀកសម្លៀកបំពាក់តឹងពេកនោះទេ ត្រូវទុកលំហខ្លះដើម្បីឱ្យខ្យល់បានចេញចូល។ ត្រូវព្យាយាមចៀសវាងការដេក (សង្កត់) លើស្នាមសាក់ ដោយសារវាអាចកកិតដោយខោអាវដែលអាចបណ្តាលឱ្យហៀរទឹកខ្មៅ ឬខូចស្នាមសាក់បាន។
ពេលដែលស្នាមសាក់កំពុងតែនឹងជា ត្រូវចៀសវាងហែលទឹក ត្រាំទឹក ឬធ្វើសកម្មភាពណាដែលអាចនាំឱ្យមានការបែកញើសខ្លាំង។ ត្រូវចៀសវាងកុំឱ្យត្រូវនឹងពន្លឺព្រះអាទិត្យក្នុងរយៈពេលពីរសប្តាហ៍ដំបូង ដោយវាអាចធ្វើឱ្យខូចស្នាមសាក់ និងពន្យារនូវការជាសះស្បើយនៃស្នាមសាក់។
ពេលងូតទឹក ត្រូវប្រាកដថាទឹកមិនក្តៅពេក ហើយក៏មិនត្រូវងូតយូរពេកដែរ។ មិនត្រូវបក ឬកោសស្នាមសាក់ឡើយ ព្រោះវាអាចប៉ះពាល់ដល់ស្នាមសាក់ ឬពណ៌។
– ការថែរក្សារយៈពេលយូរ៖ បន្ទាប់ពីបានចាក់សាក់ចេញនោះ ចាំបាច់ត្រូវលាបឡេការពារកម្តៅថ្ងៃ មុនពេលចេញទៅក្រៅប៉ះនឹងពន្លឺថ្ងៃ។ ត្រូវរក្សាឱ្យស្នាមសាក់មានសំណើម ដោយសារវាអាចជួយរូបសាក់មិនឱ្យហើរពណ៌។
២- ការលុបស្នាមសាក់ចេញវិញ
មធ្យោបាយសុវត្ថិភាពបំផុតក្នុងការលុបស្នាមសាក់ចេញ គឺការលុបដោយប្រើនូវឧបករណ៍លុបសាក់។ ការប្រើប្រាស់វិធីបុរាណតាមផ្ទះ គឺគ្មានសុវត្ថិភាពនោះទេ។
មានរឿងជាច្រើនដែលត្រូវពិចារណា ពេលចង់លុបស្នាមសាក់ចេញ រួមមាន៖
– ត្រូវស្វែងយល់អំពីវិធីសាស្រ្តលុបស្នាមសាក់ចេញ។ វិធីសាស្ត្រដែលគេធ្វើច្រើនបំផុតនោះ គឺការប្រើឡាស៊ែរ។ ក្រៅពីការបាញ់ឡាស៊ែរ វាក៏នៅមានជម្រើសផ្សេងទៀត ដូចជា ការវះកាត់ cryosurgery ការលាបថ្នាំគីមី ការវះកាត់ ឬការបកស្បែក។
– ជ្រើសរើសយកអ្នកឯកទេសដែលមានកេរ្តិ៍ឈ្មោះ ឬជឿទុកចិត្តក្នុងការលុបស្នាមសាក់ចេញ។
– ជ្រើសរើសនូវវិធីសាស្រ្តណាគិតថាល្អ ឬពិភាក្សាជាមួយអ្នកចាក់សាក់។
៣- ជម្រើសលុបស្នាមសាក់ចេញ៖
– ការបាញ់ឡាស៊ែរ៖ វាជាវិធីសាស្រ្តដោយប្រើបាច់ពន្លឺក្នុងកម្រិតខ្ពស់។ បាច់ពន្លឺនឹងចាប់យកនូវទីតាំងរបស់ទឹកថ្នាំក្រោមស្បែក បន្ទាប់មក ពន្លឺនឹងបំបែកទឹកថ្នាំឱ្យទៅជាបំណែកតូចៗ ដើម្បីឱ្យរាងកាយស្រូបយក។
– ការបកស្បែក៖ វិធីសាស្ត្រនេះ ត្រូវប្រើថ្នាំស្ពឹក រួចបកនូវស្រទាប់ស្បែកដែលនៅក្រោមស្នាមសាក់ ហើយទឹកថ្នាំសាក់ ក៏នឹងត្រូវរលុបចេញ។
– ការវះកាត់៖ បើស្នាមសាក់មិនមានទំហំធំ នោះការវះកាត់គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត។ បរិវេណស្នាមសាក់ ត្រូវកាត់ចេញ បន្ទាប់មកមុខរបួស ក៏នឹងត្រូវបានដេរវិញដែរ។
– Cryosurgery៖ ស្នាមសាក់ ត្រូវបានដុតដោយអាសូតរាវ ដែលត្រូវបានគេយកទៅបង្កក។
– ការលាបថ្នាំ៖ វាអាចធ្វើឱ្យកន្លែងសាក់មានពងបែក និងរបក។ វិធីនេះធ្វើឡើងជាមួយនឹងការវះកាត់ cryosurgery គឺមិនមានប្រសិទ្ធភាពដូចការបាញ់ឡាស៊ែរទេ ព្រោះវាមិនអាចយកស្លាកស្នាមសាក់ចេញបានទាំងស្រុងឡើយ។
សំខាន់ណាស់ក្នុងការថែរក្សាស្នាមសាក់ថ្មីដែលនៅរបួស។ ដូចគ្នាដែរ ការលុបស្នាមសាក់វិញ ត្រូវធ្វើតាមរបៀបដែលមានសុវត្ថិភាពបំផុត ហើយត្រូវពិចារណាឡើងវិញម្តងទៀតមុនពេល សម្រេចចិត្តចាក់សាក់ បើមិនចង់ឈឺក្បាលរឿងលុបវិញថ្ងៃក្រោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com