Connect with us

ខេត្តព្រះវិហារ ចាប់ផ្ដើមជួសជុលផ្លូវទៅកាន់ទឹកធ្លាក់ភ្នំត្បែង និងតំបន់ទេសចរណ៍នានា

កាន់តែងាយស្រួលហើយ ពេលទៅលេងកម្សាន្តទឹកធ្លាក់ភ្នំត្បែង នៅព្រះវិហារ

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចាប់ផ្ដើមកែលម្អផ្លូវ ទៅកាន់តំបន់ទេសចរណ៍ទាំងអស់ នៅទូទាំងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើន។ នេះជាការលើកឡើងរបស់អភិបាលខេត្តព្រះវិហារ ប្រាក់ សុវណ្ណ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជា។

លោកអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងស្ថាបនាផ្លូវកៅស៊ូ ពីស្រុកឆែប ឱ្យដល់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត្ត គម្រោងស្ថាបនាផ្លូវកៅស៊ូភ្ជាប់ពីផ្លូវជាតិលេខ៦២ ទៅដល់ប្រាសាទព្រះខ័ន្តកំពង់ស្វាយ និងគម្រោងស្ថាបនាផ្លូវកៅស៊ូពីជើងភ្នំត្បែង ទៅដល់តំបន់ជួរភ្នំខាងលើ ដើម្បីឱ្យរថយន្តធ្វើដំណើរដោយភាពងាយស្រួលទៅកាន់តំបន់នោះ ខណៈរមណីយដ្ឋានទឹកធ្លាក់ភ្នំត្បែង មានសម្រស់មិនចាញ់ទឹកធ្លាក់ភ្នំគូលែនឡើយ។

លោកអភិបាលខេត្តបន្ថែមថា គម្រោងកែលម្អផ្លូវទៅកាន់តំបន់ទេសចរណ៍ទាំងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរពីខេត្តសៀមរាប ឱ្យមកលេងកម្សាន្តនៅខេត្តព្រះវិហារ ដោយសារតែខេត្តព្រះវិហារ សម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទាំងទេសចរណ៍ វប្បធម៌ ទាំងអេកូទេសចរណ៍ធម្មជាតិ៕

 

ប្រភពអត្ថបទ៖ AKP

ប្រភពរូបភាព៖​ ក្រសួងបរិស្ថាន

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com