Connect with us

សម្ដីមួយរបស់លោក Felix ធ្វើឱ្យសារព័ត៌មានអ៊ីរ៉ង់ ចាប់អារម្មណ៍

ល្អណាស់លោកគ្រូ!

អ៊ីរ៉ង់៖ សារព័ត៌មានអ៊ីរ៉ង់ជាភាសាអង់គ្លេស Tehran Times បានចុះផ្សាយនូវសម្ដីរបស់គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតរវាងក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ ទល់នឹង កម្ពុជា វគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 ។

សារព័ត៌មានអ៊ីរ៉ង់ បានចុះផ្សាយថា គ្រូបង្គោលកម្ពុជា លើកឡើងថា ក្រុមកម្ពុជា មិនខ្លាចក្រុមអ៊ីរ៉ង់នោះទេ។ តាមការដកស្រង់សម្ដីលោក Felix បាននិយាយដូច្នេះថា៖ “នេះជាឱកាសដ៏ល្អសម្រាប់ពួកយើង ក្នុងការតេស្តខ្លួនឯង ព្រោះពួកយើង នឹងត្រូវប៉ះក្រុមដ៏ខ្លាំងមួយប្រចាំទ្វីបអាស៊ី។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងបោះជំហានទៅមុខមួយជំហានទៀត ជាមួយនឹងផែនការរបស់ពួកយើង ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។

“អ៊ីរ៉ង់ ជាក្រុមខ្លាំង តែចិត្តសាស្ត្រនៃការលេងបាល់របស់ពួកយើង គឺមានភាពច្បាស់លាស់។ ពួកយើង នឹងខំប្រឹងលេងឱ្យល្អ ទល់នឹងក្រុមទាំងឡាយដែលពួកយើងជួប។ នេះជាអ្វីដែលសំខាន់។

“ពួកយើងចង់ប្រកួត នេះជាមូលហេតុដែលពួកយើងមកកាន់ទីនេះ។ ពួកយើង ដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរ ប៉ុន្តែពួកយើង នឹងព្យាយាមឱ្យអស់ពីលទ្ធភាព។ ខ្ញុំ និងលោក Keisuke Honda មានចិត្តសាស្ត្រតែមួយ ហើយជួយគ្នាដើម្បីសម្រេចគោលដៅរបស់ពួកយើង។ Honda ជាគ្រូបង្វឹកអាជីពម្នាក់ និងមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍក្រុម។ ពួកយើង មានអត្តចរិតខុសគ្នា តែមានគោលដៅតែមួយ”។

សូមជម្រាបថា អ៊ីរ៉ង់ ជាក្រុមខ្លាំង ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២៣ ពិភពលោក និងលេខ១ ប្រចាំទ្វីបអាស៊ី។ ដោយឡែក ១ប្រកួតកន្លងទៅ ពួកគេ បានយកឈ្នះ ហុងកុង ដោយលទ្ធផល ២-០។ ចំណែក កម្ពុជា ស្មើនឹង ហុងកុង ១-១ និង ចាញ់ បារ៉ែន ១-០ ៕

    Loading...

    ពេញនិយម