Connect with us

ក្រោយខានមើលផ្ទាល់៤០ឆ្នាំ ទស្សនិកជនស្រីៗនៅអ៊ីរ៉ង់ ទិញសំបុត្រអស់មួយរំពេច ក្នុងជំនួបទល់នឹងកម្ពុជា

ក្រោយខានមើលផ្ទាល់៤០ឆ្នាំ ទស្សនិកជនស្រីៗនៅអ៊ីរ៉ង់ ទិញសំបុត្រអស់មួយរំពេច ក្នុងជំនួបទល់នឹងកម្ពុជា

តេហេរ៉ង់៖ កម្ពុជា បានធ្វើដំណើរទៅសួរសុខទុក្ខទីក្រុងតេហេរ៉ង់ ដើម្បីប្រកួតទល់នឹង អ៊ីរ៉ង់ ក្នុងការប្រកួតទី៣ វគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 នៅយប់ម៉ោង ២០:៣០ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំាំ២០១៩នេះ។ ទន្ទឹមនេះ សារព័ត៌មានអន្តរជាតិនានា សុទ្ធតែបានចុះផ្សាយពីជំនួបរវាងក្រុមទាំងពីរ ដោយសារតែពួកគេ ចាប់អារម្មណ៍ទៅលើការផ្ដល់សិទ្ធិឱ្យអ្នកគាំទ្រជាស្ត្រីជនជាតិអ៊ីរ៉ង់ បានចូលទស្សនាផ្ទាល់ នៅឯកីឡដ្ឋាន Azadi ។

អ៊ីរ៉ង់ នឹងបើកឱ្យអ្នកគាំទ្រជាស្ត្រី បានចូលទស្សនាជាលើកដំបូង ក្នុងរយៈពេល ៤០ឆ្នាំ បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានគំរាមដាក់ពិន័យអ៊ីរ៉ង់។ ការសម្រេចនេះ គឺក្រោយពីមានការស្លាប់របស់នារីឈ្មោះ Sahar Khodayari ដែលនាងបានដុតខ្លួនឯងឱ្យស្លាប់ ព្រោះមិនចង់ជាប់ពន្ធនាគារ ដោយសារត្រូវបានចោទជុំវិញការបន្លំខ្លួនចូលទៅទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់ ដែលជារឿងខុសច្បាប់នៅអ៊ីរ៉ង់ មុនរឿងនេះកើតឡើង។ ការស្លាប់របស់នារីអាយុ ២៩ឆ្នាំនេះ បានបង្កការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយនាងគឺជាអ្នកគាំទ្រក្លិប Esteghlal ។

ទាក់ទងនឹងការចុះផ្សាយជំនួបរវាងអ៊ីរ៉ង់ និង កម្ពុជា នេះ មានសារព័ត៌មានអន្តរជាតិធំៗ បានចុះផ្សាយ ដូចជា Reuters, AFP, CNN, New York Times, BBC, Dailymail, The Guardian, CBS News, South China Morning Post, Al Jazeera និងសារព័ត៌មានធំៗជាច្រើនទៀត។ សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ បានលក់សំបុត្រចំនួន ៣៥០០សន្លឹក ដល់អ្នកគាំទ្រដែលជាស្ត្រីជនជាតិអ៊ីរ៉ង់ ក្រោយបើកលក់ត្រឹមតែ១ម៉ោងប៉ុណ្ណោះ៕

 

    Loading...

    ពេញនិយម