Connect with us

កម្ពុជា សម្លឹងមើលប្រទេសឹង្ហបុរី សម្រាប់ទីផ្សារនាំចេញអង្ករ និង ផលិតផលកសិកម្មដទៃទៀត ក្រោយពេលដែលការនាំចេញអង្ករទៅក្រៅប្រទេស មានការធ្លាក់ចុះបន្តិចនៅឆ្នាំនេះ

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យសិង្ហបុរី ជួយទិញអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាឱ្យបានច្រើន។
ការស្នើរនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយនឹងលោក វីវៀន បាឡាក់គ្រីស្ហណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី នេះយោងបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។


សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវក្តីសង្ឃឹមថា សឹង្ហបុរី នឹងបង្កើនការនាំចូលនូវអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជា ហើយនឹងពិចារណាឱ្យមានកិច្ចព្រមព្រៀងក្របខណ្ឌទ្វេភាគីស្តីពី សហប្រតិបត្តិការលើវិស័យការងារ។
ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណសឹង្ហបុរី ដែលបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេស ការកសាងធនធានមនុស្ស ដោយគ្រប ដណ្តប់លើការអភិវឌ្ឍសមត្ថភាពឌីជីថលផងដែរ ។


ទោះយ៉ាងណា សំណើររបស់កម្ពុជានេះ នៅមិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយពីប្រទេសសឹង្ហបុរីនោះទេ ។ បើតាមរបាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅរយៈពេល៧ខែ ឆ្នាំ២០១៨ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិ បានចំនួន ២៩៧,០៨០តោន ធ្លាក់ចុះ ៦.៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ ដែលមានចំនួន ៣១៥,៩១៦តោន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម