Connect with us

Felix៖ ការខិតខំប្រឹងប្រែងរបស់កីឡាករ មិនត្រូវបានផ្ដល់តម្លៃឱ្យសក្ដិសមពីអ្នកគាំទ្រមួយចំនួន

Felix៖ ការខិតខំប្រឹងប្រែងរបស់កីឡាករ មិនត្រូវបានផ្ដល់តម្លៃឱ្យសក្ដិសមពីអ្នកគាំទ្រមួយចំនួន

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្គោលនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះថា ដោយសារតែគម្លាតនៃកម្រិតរវាងក្រុមផ្សេងៗ ដែលស្ថិតក្នុងពូលជាមួយគ្នា ខុសគ្នាឆ្ងាយពីកម្រិតរបស់ក្រុមកម្ពុជា ធ្វើឱ្យការខិតខំប្រឹងប្រែងលេងយ៉ាងគាប់ប្រសើរនៃកូនក្រុមរបស់លោក មិនត្រូវបានអ្នកគាំទ្រមួយចំនួន ផ្ដល់តម្លៃសមនឹងអ្វីដែលពួកគេបានបង្ហាញឡើយ។

លោក Felix បានលើកឡើងថា កាលពីប្រកួតមុនៗ កម្ពុជា បានចាញ់ក្រុម អ៊ីរ៉ង់ ដោយលទ្ធផល ១៤-០ ដែលជាក្រុមកម្រិតពិភពលោក ដែលធ្លាប់លេងនៅក្នុងពានរង្វាន់ FIFA World Cup និងចាញ់ បារ៉ែន ១-០ ដែលមានកម្រិតខ្ពស់ជាងកម្ពុជា។ យ៉ាងណាក៏ដោយ កូនក្រុមរបស់លោក ពិតជាធ្វើបានល្អ ទៅតាមទស្សនៈបាល់ទាត់របស់លោក រួមជាមួយថ្នាក់ដឹកនាំដទៃទៀត ក្នុងការអភិវឌ្ឍក្រុមជម្រើសជាតិឱ្យរីកចម្រើនទៅថ្ងៃអនាគត។

លោក Felix លើកឡើងដូច្នេះថា៖ “ពួកយើង បានទៅលេងជាមួយក្រុមកំពូលមួយ (អ៊ីរ៉ង់) ក្នុងចំណោមក្រុមកំពូលៗនៅលើពិភពលោក។ វាមិនមែនជារឿងចៃដន្យទេ ដែលពួកគេ ធ្លាប់ប្រកួតស្មើជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយពួកគេ បានចាញ់ក្រុមអេស្ប៉ាញ ត្រឹមតែ ១-០ ប៉ុណ្ណោះ។ ពួកគេ ក៏ធ្លាប់ចាញ់អាហ្សង់ទីន នៅចុងម៉ោង ត្រឹម ១-០ ដែរ។ ជាក្រុមមួយដែលមានបទពិសោធន៍ច្រើន, ជាការប្រកួតដែលខុសប្លែកពីការប្រកួតដែលពួកយើងធ្លាប់ជួប។ សម្រាប់ពួកយើង ការជួប ប៉ាគីស្ថាន ហុងកុង និងបារ៉ែន គឺមានភាពប្រកួតប្រជែងខ្លាំងណាស់ ដែលការខិតខំបង្ហាញទម្រង់លេងបានយ៉ាងល្អរបស់ពួកយើង វាហាក់ដូចជាធ្វើមិនបានល្អទៅវិញ។ ប្រហែលជាការខិតខំប្រឹងប្រែងរបស់កីឡាករយើង មិនត្រូវបានផ្ដល់តម្លៃសមទៅនឹងអ្វីដែលពួកយើង បានបង្ហាញនោះទេ”។

លោកបន្ថែមថា ទោះបីជាចាញ់អ៊ីរ៉ង់ ១៤-០ ក៏ដោយ ក៏កូនក្រុមរបស់លោក នឹងងើបឡើងដើម្បីតតាំងទៅមុខទៀត។ គួរបញ្ជាក់ថា កម្ពុជា នឹងទទួលស្វាគមន៍ក្រុមអ៊ីរ៉ាក់ ដែលជាក្រុមខ្លាំងមួយផងដែរ សម្រាប់ការប្រកួតទី៤ វគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម