Connect with us

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង

និយាយដល់រឿងឈឺសន្លាក់ គ្នាយើងច្បាស់ជាគិតដល់ប៉ាម៉ាក់ អ៊ំៗចាស់ៗមិនខាន ប៉ុន្តែជំងឺនេះ ទោះយើងកំពុងស្ថិតនៅវ័យក្មេង ក៏អាចកើតបានដែរ ពិសេសគ្នាយើងមានទម្លាប់រស់នៅមិនល្អមួយចំនួន។

អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើង ទម្លាប់មិនល្អនាំឲ្យយើងឈឺសន្លាក់ទាំងវ័យក្មេងបាន។
១- លើសទម្ងន់
បើទម្ងន់យើងកើនត្រឹម ១គីឡូ ក៏ដោយ ក៏អាចបង្កើនសម្ពាធលើសន្លាក់ជង្គង់ បណ្តាលឲ្យខ្នង ត្រគាក និងប្រអប់ជើង ឈឺបានដូចគ្នា។ បន្ថែមពីនោះ បញ្ហាលើសទម្ងន់ នឹងបង្កឲ្យមានការហើម និងរលាកលើរាងកាយបាន។ ហេតុនេះ គ្នាយើងគួរគប្បីប្រុងប្រយ័ត្នឲ្យបានច្រើន។
២- ទម្លាប់ចុចទូរសព្ទច្រើន
ចុចទូរស័ព្ទច្រើន ធ្វើឲ្យសរសៃពួរដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ រងការរលាក។ លើសពីនេះ ទម្លាប់ចុចទូរស័ព្ទច្រើន ក៏បណ្តាលឲ្យឆ្អឹងក និងសាច់ដុំស្មារងសម្ពាធ ជាហេតុឲ្យកន្លែងទាំងនេះមានបញ្ហា បង្កជាការឈឺចាប់បានផងដែរ។
៣- ឧស្សាហ៍ពាក់ស្បែកជើងកែងចោត (នារីៗ)
ស្បែកជើងកែងចោតកាន់តែខ្ពស់ ធ្វើឲ្យទម្ងន់យើង ដាក់សម្ពាធលើចុងប្រអប់ជើងខាងមុខ ដោយត្រូវធ្វើការទ្រទម្ងន់ខ្លាំងជាងមុន។ បើពាក់រាល់ថ្ងៃទៀតនោះ អាចបង្កផលប៉ះពាល់ដល់ឆ្អឹងសន្លាក់ប្រអប់ជើងទៅថ្ងៃខាងមុខ។
៤- ស្ពាយរបស់ធ្ងន់ៗ
សម្ពាធកាបូបធ្ងន់ៗ ប្រៀបដូចនឹងការបង្កើនទម្ងន់ ក៏ជាការដាក់សម្ពាធទៅលើផ្នែកផ្សេងៗរបស់សន្លាក់ឆ្អឹង ពិសេសឆ្អឹងក និងស្មា បង្កឲ្យមានបញ្ហាបាន ដូច្នេះគួរលៃសម្ពាយ កុំឲ្យធ្ងន់ខ្លាំងពេក។
៥- មិនសូវពត់ពែនខ្លួន
ចូលចិត្តនៅស្ងៀមទ្រឹងៗ មិនសូវពត់បត់បែនខ្លួន ក៏មិនល្អសម្រាប់ឆ្អឹងសន្លាក់ដែរ។ អ្នកជំនាញសុខភាពជាច្រើនលើកឡើងថា យូរៗម្តង ក្រោយការអង្គុយធ្វើការងារ ឬសិក្សាយូរ ការពត់ខ្លួនជាសកម្មភាពល្អមួយ ជួយសម្រាលសម្ពាធលើឆ្អឹងសន្លាក់បាន។
៦- គេងមិនគ្រប់គ្រាន់
ទម្លាប់ចូលគេងមិនបានស្កប់ស្កល់ អាចបង្កជាបញ្ហាមួយដល់ឆ្អឹងដូចគ្នា ព្រោះការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា គេងពុំបានគ្រប់គ្រាន់ ធ្វើឲ្យសាច់ដុំ និងឆ្អឹង ពិសេសឆ្អឹងសន្លាក់ មិនបានសម្រាក មិនអាចទទួលបបានថាមពលឡើងវិញ ដែលជាហេតុបង្កបញ្ហា ឲ្យឆ្អឹងទាំងនោះងាយឈឺចាប់៕
ប្រភព៖ Hellokrupet

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com