Connect with us

ចូលរួមយុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំនេះ ផ្ដល់អត្ថប្រយោជន៍មិនធ្លាប់មាន

តោះនាំគ្នាឈប់នៅតាមស្ថានីយចាក់សាំង Total ដើម្បីបានទទួលផលប្រយោជន៍ទាំងនេះ

ក្រុមហ៊ុនតូតាល់កម្ពុជា បានបន្តរៀបចំយុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំទី៣ ដែលផ្តោតលើការពាក់មួកសុវត្ថិភាព ក្រោមប្រធានបទ “មួកសុវត្ថិភាពមួយ ជីវិតម្នាក់” ដោយមានការចូលរួមពីបណ្តាដៃគូសហការមកពីវិស័យឯកជនមួយចំនួន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែតុលា ឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជា។ អ្នកចូលរួមយុទ្ធនាការនេះ នឹងបានយល់ដឹងពីសុវត្ថិភាពក្នុងការបើកបរ ការពិនិត្យភ្នែកដោយឥតគិតថ្លៃសម្រាប់អ្នកបើកបរម៉ូតូ និងការបង្ហាញពីការបើកបរម៉ូតូដោយសុវត្ថិភាព។

ក្នុងគោលបំណងចូលរួមផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់អ្នកបើកបរម៉ូតូ យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” លើកទី៣ នឹងរៀបចំឡើងក្នុងកំឡុងមួយសប្ដាហ៍ពេញ ដោយរួមមានសកម្មភាពអប់រំជាច្រើននៅ ២៦ ទីតាំងផ្សេងគ្នា (នៅស្ថានីយ៍តូតាល់ និងទីតាំងផ្សេងទៀត) ដែលគេរំពឹងទុកថា កម្មវិធីនេះ នឹងផ្តល់ជាប្រយោជន៍ដល់ប្រជាជនរាប់ពាន់នាក់នៅក្នុង ១៤ រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពជាច្រើននឹងត្រូវបានធ្វើឡើងដូចជា កម្រងសំណួរ ស្ដីពីការយល់ដឹងពីសុវត្ថិភាពចរាចរណ៍សម្រាប់យុវជន និងកុមារ ការពិនិត្យភ្នែកដោយឥតគិតថ្លៃសម្រាប់អ្នកបើកបរម៉ូតូ និងការបង្ហាញពីការបើកបរម៉ូតូដោយសុវត្ថិភាព ដែលនឹងត្រូវបានធ្វើឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងការអនុវត្តសុវត្ថិភាពចរាចរណ៍ល្អៗដូចជា ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវ៉ាត់អោយបានត្រឹមត្រូវ គ្រោះថ្នាក់ពីការបើកបរហួសល្បឿនកំណត់ គ្រោះថ្នាក់ដោយការប្រើទូរស័ព្ទចល័ត និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

លោក Asif IQBAL អគ្គនាយកក្រុមហ៊ុនតូតាល់កម្ពុជា មានប្រសាសន៍ថា សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាសសរស្តម្ភដ៏មានសារសំខាន់មួយនៃគោលនយោបាយទទួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុនតូតាល់កម្ពុជា ចាប់តាំងពីក្រុមហ៊ុនតូតាល់គ្រុប (Total Group) បានធ្វើ “យុទ្ធនាការស្តីពីផ្លាកសញ្ញាសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Road Safety Cube Campaign)” ស្របតាមទិសដៅសកម្មភាពទសវត្សរ៍អង្គការសហប្រជាជាតិស្តីពី “ សុវត្ថិភាពក្នុងការបើកបរ ” ឆ្នាំ២០១១ ដល់ ២០២០ ដែលត្រូវបានផ្តួចផ្តើមដោយអង្គការសុខភាពពិភពលោក។ ក្រុមហ៊ុនតូតាល់កម្ពុជា បានសហការជាមួយអង្គការ SIPAR ចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ជាពិសេសតាមរយៈផ្លាកសញ្ញាសុវត្ថិភាពចរាចរណ៍របស់ក្រុមហ៊ុនតូតាល់ ដែលបានរចនាឡើងយ៉ាងពិសេស ជាសំណុំរូបភាព និងសកម្មភាពសម្រាប់កុមារ ឱ្យយល់ពីផ្លាកសញ្ញាចរាចរណ៍ និងការអនុវត្តច្បាប់ចរាចរណ៍ ដែលត្រូវបានប្រើនៅក្នុងបណ្ណាល័យចល័តរបស់អង្គការ SIPAR នៅតាមតំបន់ជនបទ និងសាលារដ្ឋ។

គម្រោងដែលមានរយៈពេល៣ឆ្នាំនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាចំនួនជាង ១០០០០នាក់ ជាពិសេសយុវជន និងកុមារនៅតាមតំបន់ជនបទ ដែលចំណេះដឹងអំពីច្បាប់ចរាចរណ៍នៅមានកម្រិតទាបនៅឡើយ។

គួរជម្រាបថា យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” កាលពីឆ្នាំមុនដែលរៀបចំដោយក្រុមហ៊ុនតូតាល់ និងដៃគូសហការក្រោមពាក្យស្លោក “បើកបរ ឬសេពគ្រឿងស្រវឹង” ដែលបានប្រារព្ធធ្វើឡើង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់យានយន្ត ជៀសផុតពីការសេពគ្រឿងស្រវឹង នៅពេលធ្វើដំណើរតាមដងផ្លូវ ទៅកាន់ប្រជាជនកម្ពុជាចំនួន ២០០០០ នាក់។ ឆ្នាំនេះក្រុមហ៊ុន តូតាល់កម្ពុជា បានអញ្ជើញដៃគូសហការបន្ថែមទៀតដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក៏ដូចជានៅឆ្នាំក្រោយៗទៀត។

យុទ្ធនាការនេះ ដឹកនាំដោយបណ្តាញដៃគូសហការរួមមាន ក្រុមហ៊ុនតូតាល់កម្ពុជា អង្គការ SIPAR ក្រុមហ៊ុន Pernod Ricard Cambodge ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (Coca-Cola) ក្រុមហ៊ុន Cambodia Broadcasting Services ក្រុមហ៊ុន ESSILOR 2.5NVG វិទ្យុ FM102 ក្រុមហ៊ុន NCX Honda ក្រុមហ៊ុន POKKA ធនាគារ Prince Bank Plc និង មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (Women’s Media Center of Cambodia) ក្រោមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

យុទ្ធនាការនេះ ត្រូវបានកំណត់ធ្វើមុនពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលជាអំឡុងពេលគ្រោះថ្នាក់ចរាចរណ៍ធំៗ កើតឡើង ជាពិសេសនៅក្នុងប្រទេសកម្ពុជា។

គ្រោះថ្នាក់ចរាចរណ៍នៅតែជាមូលហេតុចម្បងមួយ នៃការស្លាប់នៅប្រទេសកម្ពុជា ដែលបានធ្វើឱ្យមានអ្នករងរបួសចំនួន ៤៧០០នាក់ និងអ្នកស្លាប់នៅលើដងផ្លូវចំនួន ១៨០០នាក់ ទូទាំងប្រទេស កាលពីឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩នេះ ៧៨% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរម៉ូតូ ហើយ ៧៨% នៃអ្នករងគ្រោះបើកបរម៉ូតូស្លាប់ គឺមិនបានពាក់មួកសុវត្ថិភាពនោះឡើយ នាពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនទោចក្រយាន្ដ បានកើនឡើងជាលំដាប់ ក្នុងនោះ ម៉ូតូមានចំនួនស្មើនឹង ៨០% នៃយានយន្តចុះបញ្ជីទាំងអស់នៅប្រទេសកម្ពុជា ហើយមានអ្នកស្លាប់ដោយបើកបរម៉ូតូលើសពី ៧០%។ ហេតុដូចនេះហើយ ទើបយុទ្ធនាការខាងលើ ផ្តោតទៅលើការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរម៉ូតូ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម