Connect with us

ពិភពលោក កំពុងចាប់អារម្មណ៍របកគំហើញទីក្រុងបុរាណ នៅលើភ្នំគូលែន

ពិភពលោក កំពុងចាប់អារម្មណ៍របកគំហើញទីក្រុងបុរាណ នៅលើភ្នំគូលែន

សៀមរាប៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ សារព័ត៌មានដ៏ល្បីនៅលើពិភពលោក CNN បានចុះផ្សាយនូវរបកគំហើញទីក្រុងបុរាណ “មហេន្រ្ទបវិត” ដែលស្ថិតនៅលើភ្នំគូលែន។

ទីក្រុង មហេន្រ្ទបវិត ស្ថិតនៅចន្លោះពីស.វ ទី៩ ដល់ទី ១៥ នៃ គ.ស។ ទីតាំងនេះ នៅចម្ងាយប្រហែល ៤៨ គ.ម ភាគខាងជើងក្រុងសៀមរាប។ ពិភពលោក បានចាត់ទុកទីក្រុងនេះ ជាទីក្រុងដែលត្រូវបានបាត់បង់ដ៏យូរលង់ និងបង្កជារឿងអាថ៌កំបាំងដែលអ្នកវិទ្យាសាស្ត្រចង់ដឹង។

របាយការណ៍ Antiquity បានសរសេរនូវរបកគំហើញនេះ រួចបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ បានប្រើប្រាស់វិធីសាស្ត្រទំនើបក្នុងការស្កេនកាំរស្មីឡាស៊ែរ ទៅលើតំបន់នោះ។ ពួកគេ បានបង្កើតជាផែនទី ២ផ្សេងគ្នា ដែលលើកទីមួយ កើតឡើងក្នុងឆ្នាំ២០១២ ដែលវាមានផ្ទៃដីគ្របដណ្ដប់ ៣៧ គីឡូម៉េត្រការ៉េ និងម្ដងទៀត នៅឆ្នាំ២០១៥ ដែលវាគ្របដណ្ដប់លើភ្នំគូលែនទាំងមូល មានទំហំផ្ទៃដី ៩៧៥ គីឡូម៉ែត្រការ៉េ។ គេបានរកឃើញ បារាយទឹកមិនទាន់សាងសង់រួច ទំនប់ទឹក ជញ្ជាំងប្រាសាទជាច្រើន និង រាជវាំងមួយ ផងដែរ។

របាយការណ៍ដដែល បានកោតសរសើរចំពោះទីក្រុងបុរាណនេះ ដែលកសាងឡើងដោយមានលក្ខណៈជាខ្សែបន្ទាត់ស្មើ ដែលស្ទើរតែមិនស្របតាមបន្ទាត់នៃទិសដៅ។ វាធ្វើឱ្យ ទីក្រុងបុរាណនេះ ត្រូវបានគេចាត់ទុកជា ដើមកំណើតនៃប្រព័ន្ធក្រឡាចត្រង្គ ដែលត្រូវបានសាងសង់សម្រាប់ទីក្រុងសម័យទំនើប។ ដូច្នេះ ទីក្រុង មហេន្រ្ទបវិត ជាទីក្រុងដែលមានសណ្ឋានជាក្រឡាចត្រង្គដំបូងគេបង្អស់ នៅក្នុងចក្រភពខ្មែរ។

សារព័តមានបរទេស បានទទួលស្គាល់ថា ចក្រភពខ្មែរ បានលាតសន្ធឹងលើផ្ទៃដី ប្រទេសថៃ វៀតណាម និង ឡាវ ព្រមទាំងមួយផ្នែកភាគខាងត្បូងប្រទេសចិន និងមីយ៉ាន់ម៉ា បច្ចុប្បន្នផងដែរ៕

  

ប្រភព៖ CNN

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម