Connect with us

វីវរហើយ! ចំនួនសត្វត្មាត ដែលជាប្រភេទសត្វកម្រនៅកម្ពុជា កំពុងមានការធ្លាក់ចុះខ្លាំង ហើយមូលហេតុដ៏ធំចម្បងមួយដែលកំពុងគំរាមកំហែងនោះ គឺការបំពុល

ភ្នំពេញ ៖ តាមការសិក្សា ក្នុងពេលថ្មីៗនេះបានបង្ហាញថា ការបំពុល គឺជាកត្តាគំរាមកំហែងចម្បងដល់ចំនួនសត្វត្មាតនៅកម្ពុជា ខណៈលទ្ធផលជំរឿនសត្វត្មាត ទូទាំងប្រទេសនាឆ្នាំនេះ បានកត់ត្រាសត្វត្មាតបានតែ ១២១ ក្បាលបុណ្ណោះ ដែលនេះ ជាតួលេខទាបបំផុតក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ២០០៣ មក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ ។


សត្វត្មាត ត្រូវបានគេហៅថា ជាសត្វនាំសំណាង ព្រោះជាប្រភេទសត្វស្លាបដ៏កម្រ និងមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ជាពិសេស ក្នុងការសម្អាតបរិស្ថាន ។ ត្មាត មិនសម្លាប់សត្វធ្វើជាអាហារនោះទេ ពួកវាស៊ីសាកសពស្អុយរលួយដែលងាប់ក្នុងព្រៃ និងក្បែរសហគមន៍ ដែលអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺ និង មេរោគ ហើយថែមទាំងជួយបង្កើនជីវភាពសហគមន៍ តាមរយៈអេកូទេសចរណ៍ផងដែរ។


ប៉ុន្តែ សត្វត្មាតនៅកម្ពុជា កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលឈានទៅរកការផុតពូជ ខណៈពេលដែលលទ្ធផលនៃការអង្កេតតាមដាន បានបង្ហាញថា ចំនួនរបស់សត្វត្មាតបានធ្លាក់ចុះដល់៥០ភាគរយ បើគិតចាប់តាំងពីឆ្នាំ២០០០មក ។ ការធ្លាក់ចុះនេះ ត្រូវបានកត់សម្គាល់ជាពិសេស នៅតាមព្រៃឈើក្នុងតំបន់ការពារទេសភាពភាគខាងកើត ដែលជាទីតាំងកាលពីអតីតកាល បានកត់ត្រាជាទៀងទាត់ចំនួនសត្វត្មាតយ៉ាងតិត ៣០ ក្បាល នៅពេលរាប់ម្តងៗ ខណៈពេលបច្ចុប្បន្ន កំណត់ត្រាខ្ពស់បំផុតស្ទើរ មិនដល់ ១០ ក្បាលផង ។


លោក Simon Mahood ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានមាន ប្រសាសន៍ថា តំបន់ភាគខាងជើងប្រទេសកម្ពុជា គឺជាកន្លែងតែមួយគត់នៅក្នុងចំណោមប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនសត្វត្មាតច្រើនបំផុត ដែលភ្ញៀវទេសចរអាចទស្សនាគម្រោងអាហាដ្ឋានសម្រាប់សត្វត្មាត ស្ថិតនៅក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ ។


ប៉ុន្តែក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមក យ៉ាងហោចណាស់សត្វត្មាត ចំនួន ៣០ ក្បាល ត្រូវបានសម្លាប់ ដោយសារតែមានការរីកសាយភាយទូទាំងប្រទេស ក្នុងការប្រើប្រាស់ថ្នាំពុល និងថ្នាំសម្លាប់សត្វល្អិត ដោយពុំមានការគ្រប់គ្រងច្បាស់លាស់។ កត្តានេះ បានបង្កជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ប្រជាសាសន៍របស់សត្វត្មាតនៅក្នុងកម្ពុជា ក៏ដូចជាផលប៉ះពាល់ដល់សុខភាពមនុស្សផងដែរ ។


ក្រៅពីនេះ ការកើនឡើងនៃការបាត់បង់ព្រៃឈើ និង ការផ្លាស់ប្ដូរដីព្រៃ តាមរយៈដីសម្បទានសេដ្ឋកិច្ច និង ការកាប់ឆ្ការដីព្រៃ បានជះឥទ្ធិពលដល់ការបាត់បង់ទីជម្រកសម្រាប់ពងកូន និងការកើនយ៉ាងខ្លាំងនូវការដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃសម្រាប់យកសាច់ ក៏ជាមូលហេតុធ្វើឱ្យចំនួនប្រភេទសត្វជាចំណីរបស់សត្វត្មាត មានការថយចុះយ៉ាងខ្លាំង ។


លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជាបានថ្លែងថា តួលេខទាបបំផុត ដែលបានកត់ត្រា ក្នុងឆ្នាំនេះ និងការធ្លាក់ចុះនៃចំនួនសត្វត្មាតដល់ទៅ៥០ភាគរយគិត ចាប់ពីឆ្នាំ២០០០មក គឺជានិន្នាការ គួរឱ្យព្រួយបារម្ភ ហើយយើងត្រូវបង្កើនកិច្ចខិតខំ ប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាស្នូល នៃការធ្លាក់ចុះនេះ។


លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ បាននិយាយថា លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតក្នុងរយៈពេលប្រាំឆ្នាំ ចុងក្រោយនេះបានបង្ហាញនូវសំណៅគួរឱ្យព្រួយបារម្ភ ដោយសារជំរឿនត្មាតពីរឆ្នាំ ជាប់គ្នា (ឆ្នាំ២០១៧ និង២០១៨) បានរកឃើញសត្វត្មាត បានតិចជាង ១៣០ ក្បាល»។


ក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជាដែលមានសមាជិកស្នូលដូចជា៖ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អង្គការ BirdLife WCS WWF និងACCB បាននិងកំពុងធ្វើការងារដើម្បីអភិរក្សសត្វត្មាតនៅ កម្ពុជា តាមរយៈការបង្កើនការយល់ដឹង ការផ្តល់ចំណីជាសត្វពាហនៈស្រុកបន្ថែម តាមរយៈការបង្កើត “អាហារដ្ឋានត្មាត” និងផ្តល់កិច្ចការពារសំបុក និងទីជម្រកធម្មជាតិ ។


សត្វត្មាតនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣ ប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ ប្រភេទសត្វត្មាតទាំងនេះត្រូវបានដាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតនៅលើពិភពលោក ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម