Connect with us

ទីបំផុត មជ្ឈមណ្ឌលស្រាវជ្រាវសូត្រកម្ពុជា ត្រូវបានបង្កើតឡើងជាលើកដំបូងនៅកម្ពុជា ដើម្បីជួយ គាំទ្រដល់ការផលិតសូត្រនៅកម្ពុជា ដែលស្ទើរតែបាត់បង់ទៅហើយ

ភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជា សូត្រ ត្រូវបានចាត់ទុកជាផលិតផលអាទិភាពដែលមានសក្តានុពល សម្រាប់ផ្តល់ការងារ និងប្រាក់ចំណូលជូនអ្នកតម្បាញ ដែលជាស្ត្រីភាគច្រើននៅជនបទ។ តែពីមួយឆ្នាំទៅមួយឆ្នាំ វិស័យសូត្ររបស់កម្ពុជា កាន់តែចុះខ្សោយដុនដាប់ទៅៗ ដែលមកទល់នឹងពេលនេះ ស្ទើរតែបាត់បង់ទៅហើយ ដោយសារតែប្រជាពលរដ្ឋប្រកបមុខរបរនេះ បានបោះ បង់ចោលទៅស្រវាការងារផ្សេង ស្របពេលនឹងខ្វះការយកចិត្តទុកដាក់ជួយគាំទ្រដល់ពួកគាត់ និងរួមបញ្ចូលទាំង សូត្រ ត្រូវបានគេនាំចូលយ៉ាងគំហុកពីក្រៅប្រទេសមកលក់ក្នុងតម្លៃថោក។


ប្រទេសកម្ពុជា បាននាំចូលសូត្រពីប្រទេសជិតខាង និង ប្រទេសចិនក្នុងមួយឆ្នាំប្រមាណ ៤០០តោន សម្រាប់បំពេញតម្រូវការក្នុងស្រុក និង ចំណាយប្រាក់ប្រមាណ ៣០លានដុល្លារអាមេរិក ខណៈកម្ពុជា អាចផលិតសូត្រខ្លួនឯងបានចំនួន ១០% នៃបរិមាណនៃតម្រូវការសរុបប៉ុណ្ណោះ។ ដើម្បីលើកកម្ពស់វិស័យសូត្រនៅកម្ពុជាឱ្យមានសកម្មភាពរស់រវើក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រកម្ពុជា ដែលពុំធ្លាប់មានពីមុនមកនៅ ក្នុងប្រទេស សំដៅជំរុញការអភិវឌ្ឍវិស័យសូត្រប្រណីតរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។ ឥឡូវនេះ មន្ទីរពិសោធន៍សូត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបញ្ចប់ការសាងសង់ ហើយ ដែលមន្ទីរពិសោធន៍នេះ នឹងបង្កភាពងាយស្រួលក្នុងការរីកធំធាត់ប្រកបដោយគុណភាពនៃដង្កូវនាងពូជ។


មជ្ឈមណ្ឌលនេះ នឹងក្លាយជាកន្លែង សម្រាប់សាស្ត្រាចារ្យ និងនិស្សិត ស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈសម្រាប់អភិវឌ្ឍន៍វិស័យសូត្រនៅកម្ពុជា និងជាទីតាំងសម្រាប់ការផ្គត់ផ្គង់ដង្កូវនាងដែលមានពូជល្អ សុខភាពល្អ អាចផលិតសរសៃសូត្រដែលមានផលិតភាពខ្ពស់ ហើយក៏ជាអ្នកសម្របសម្រួលកិច្ចការផ្សេងៗនៅសហគមន៍កសិករផងដែរ ។ ចំពោះថវិកាសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវសូត្រនេះ រួមមាន ថវិការបស់សាកលវិទ្យាល័យដោយផ្ទាល់ ជំនួយពីរដ្ឋាភិបាលជប៉ុន និង អង្គការសហប្រជាជាតិ (UN)។


តាមការគ្រោងទុកនាពេលឆាប់ៗខាងមុខនេះ មជ្ឈមណ្ឌលស្រាវជ្រាវសូត្រនេះ នឹងចាប់ផ្តើមដាក់ចិញ្ចឹមដង្កូវនាង ជាបណ្តើរៗហើយ ។ ការបង្កើតគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្មសូត្រនេះ កំពុងផ្តល់ការចាប់អារម្មណ៍ដល់ សិស្សនិស្សិតជាច្រើន ក្នុងការចាប់យកជំនាញថ្មី នៅក្នុងសាកលវិទ្យាល័យរដ្ឋមួយនេះ ដែលនឹងផ្តល់ឳកាសឲ្យពួកគេ សម្រេចក្តីសុបិន្តធ្វើជាអ្នកផលិតសូត្រ និង អ្នកស្រាវជ្រាវផ្នែកវិស័យនេះ។


តាមការសិក្សា កសិករ អាចរកប្រាក់ចំណូលពីការដាំដើមមន និងចិញ្ចឹមដង្កូវនាង ផលិតសូត្របានប្រមាណ ៥០០០ដុល្លារ ក្នុងមួយឆ្នាំ ជាមួយការទទួលផលយ៉ាងតិច ៥ដងក្នុងមួយឆ្នាំ ។ សូត្រ មិនមែនគ្រាន់តែផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តែក៏ជាការជួយលើកតម្កើងដល់វប្ប ធម៌ ជួយលើកកម្ពស់សមភាពយេនឌ័រ និង រួមចំណែកកាត់បន្ថយភាពក្រីក្រ។ សម្បុកដង្កូវនាង មិនមែនសម្រាប់តែសរសៃសូត្រទេ តែអាចកែច្នៃផលិតផលផ្សេងៗផងដែរ។ ដើមមន ក៏អាចធ្វើជា តែ ដំណាប់ និង ផលិតផលកែច្នៃផ្សេងៗទៀត ។


ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រ ធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាអ្នកផ្តួចផ្តើមបង្កើតគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្មសូត្រនេះ បានមានប្រសាសន៍ថា ដើម្បីឲ្យជំរុញឲ្យផលិតកម្មសូត្រមាន ការរីកចម្រើន វាត្រូវការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកទេស ការបណ្តុះបណ្តាលដល់សិស្សនិស្សិត និងសម្របសម្រួលកិច្ចការផ្សេងៗនៅសហគមន៍កសិករផងដែរ។


ជាមួយគម្រោងបង្កើតមជ្ឈមណ្ឌលសូត្រកម្ពុជានេះដែរ បានធ្វើឲ្យអង្គការសហប្រជាជាតិ (UN) សម្រេចជ្រើសរើសយកសូត្រខ្មែរ ធ្វើជានិមិត្តរូបនៃការគំនិតឆ្នៃបង្កើតថ្មី សម្រាប់ធ្វើឲ្យ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG របស់អង្គការសហប្រជាជាតិ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com