Connect with us

ទុក្ខផ្ទួនៗ! ជប៉ុន រងគ្រោះទឹកជំនន់-បាក់ដី បណ្ដាលឱ្យស្លាប់ជិត១០នាក់ហើយ

អស់ពីមួយចូលមួយ

ជប៉ុន៖ ភ្លៀងក្នុងបរិមាណច្រើន ចាប់ពីថ្ងៃទី២៥ ខែតុលា បានបណ្ដាលជាជំនន់ទឹកភ្លៀង និងបាក់ដី នៅភាគខាងកើតប្រទេសជប៉ុន ធ្វើឱ្យមានអ្នកស្លាប់ ៨នាក់ និងបាត់ខ្លួន ៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ។ ជប៉ុនទើបតែរងគ្រោះដោយសារព្យុះទីហ្វុងបក់បោក បណ្ដាលឱ្យមានអ្នកស្លាប់ជាង ៨០នាក់ និងបាត់ខ្លួនជាច្រើនទៀត កាលពី ២សប្ដាហ៍មុនតែប៉ុណ្ណោះ។

តំបន់ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងបាក់ដី ភាគច្រើននៅ Chiba និង Fukushima ភាគខាងកើត និង ឦសាន ជប៉ុន។ ទីក្រុង Ushiku នៅខេត្ត Chiba បានទទួលកម្រិតទឹកភ្លៀង ២៨៣,៥មម ក្នុងរយៈពេល ១២ម៉ោង។ យ៉ាងហោចណាស់មនុស្ស ៨ម៉ឺននាក់ បានជម្លៀសពីលំនៅឋាននៅខេត្ត Chiba ដោយសារតែកម្ពស់ទឹកទន្លេ បានហក់ឡើងយ៉ាងគំហុក ដែលបណ្ដាលឱ្យកាត់ផ្ដាច់ខ្សែរថភ្លើងនានា នៅ Chiba ធ្វើឱ្យអ្នកដំណើរជាច្រើនត្រូវជាប់គាំងនៅស្ថានីយ។

នៅ Fukushima អាជ្ញាធរជប៉ុន បានប្រកាសឱ្យប្រជាជនជាង ៣៤ម៉ឺននាក់ ជម្លៀសពីលំនៅឋាន ដោយសារតែការអាចកើតមាននៃការបាក់ដី។ ចំណែក ទីក្រុងតូក្យូ នឹងទទួលរងកម្រិតទឹកភ្លៀង នៅថ្ងៃនេះ ដែលអាចនៅចន្លោះពី ២០០ ទៅ ៣០០មម គិតត្រឹមពេលល្ងាច។ ទន្ទឹមនេះ ជើងហោះហើរទៅកាន់ទីក្រុងតូក្យូមួយចំនួន ត្រូវបានលុបចោល៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម