Connect with us

ក្រោយលត់កោះម៉ារីណា ៩-០ លោកគ្រូបង្វឹកជប៉ុនថា កម្ពុជានៅខ្សោយបច្ចេកទេស

ភ្នំពេញ៖ ក្រុម U-19 កម្ពុជា បានបំបាក់ក្រុម U-19 កោះម៉ារីណាខាងជើង ដោយលទ្ធផល ៩ ទល់នឹង ០ ក្នុងការប្រកួត AFC U-19 Championship 2020 Qualifiers, ពូល G កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទោះបីជាក្រុមគោព្រៃជំទង់ បានរកគ្រាប់បំប៉ោងសំណាញ់ទីរបស់គូប្រកួតបានរហូតដល់ទៅ ៩គ្រាប់ក៏ដោយ ក៏លោកគ្រូបង្វឹកសញ្ជាតិជប៉ុន U-19 កម្ពុជា លោក Koji Gyotoku បានលើកឡើងថា កម្ពុជា ធ្វើមិនសូវបានល្អជាមួយបច្ចេកទេសនោះទេ ដូច្នេះ ត្រូវត្រៀមខ្លួនបន្ថែមទៀត សម្រាប់ការប្រកួតបន្ទាប់ ពេលប៉ះជាមួយក្រុមថៃ។

ថ្លែងក្នុងការសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Koji បាននិយាយថា៖ “មានរឿង២យ៉ាងសម្រាប់ការប្រកួតថ្ងៃនេះ ទីមួយ យើងឈ្នះការប្រកួតថ្ងៃនេះ ហើយរឿងមួយទៀត គឺយើងធ្វើមិនសូវបានល្អជាមួយបច្ចេកទេសនោះទេ។ យើងត្រូវត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ជាមួយថៃ”។

ក្នុងការប្រកួតទល់នឹងកោះម៉ារីណាខាងជើង, កម្ពុជា បានទាត់បំប៉ោងសំណាញ់ទីបាន ៦គ្រាប់ ក្នុងតង់ទីមួយ និងបន្ថែម ៣គ្រាប់ទៀត នៅក្នុងតង់ទីពីរ។ យ៉ាងណាក៏ដោយ គេសង្កេតឃើញ មានការខកខានឱកាសរកគ្រាប់បន្ថែមជា ២ ទៅ ៣ លើក ដែលត្រូវបានជួយសង្គ្រោះបានដោយអ្នកចាំទីរបស់កោះម៉ារីណាខាងជើង។ ទន្ទឹមនេះ ក៏មានការខ្វះខាតផ្នែកបច្ចេកទេសខ្លះៗ ដូចការលើកឡើងរបស់លោក Koji Gyotoku ផងដែរ។

សូមជម្រាបថា ការប្រកួតបន្ទាប់ កម្ពុជា នឹងស្វាគមន៍ក្រុមថៃ ដែលទើបតែយកឈ្នះលើក្រុមប្រ៊ុយណេ ដោយលទ្ធផល ៩-០។ ក្រុមទាំងពីរឈុត ធ្លាប់ជួបគ្នាម្ដងរួចទៅហើយ នៅក្នុងពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាម ដែលពេលនោះ កម្ពុជា បានយកឈ្នះលើ ថៃ ដោយលទ្ធផល ៤-៣។

ការប្រកួតកម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៨:៣០ នាទីតទៅ នៅពហុកីឡដ្ឋានជាតិ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MyTV ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម